ខេត្តរតនគិរីៈ ប្រទះឃើញគំនរឈើរាប់ ម៉ឺនកំណាត់នៅចំណុចចំការកៅស៊ូមួយកន្លែងតាមដងផ្លូវលំមួយខ្សែស្ថិតក្នុងភូមិទុៈច្រិក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ជាប្រភេទឈើផ្ចឹតនិងឈើសុក្រំ ដែលមានទំហំ ១២x១២x៤ម៉ែត្រ ( ដប់ពីរបួនជ្រុងប្រវែង៤ម៉ែត្រ )រាប់ម៉ឺនកំណាត់ដែលជនមិនស្គាល់អត្តសញ្ញាណទើបតែដឹកជញ្ជូនមកស្តុកទុកថ្មីៗកន្លងមកនេះ។
តាមប្រភពពីប្រជាពលរដ្ឋដែលមានផ្ទះចំការនៅក្បែរទីតាំងគំនរឈើនោះបាននិយាយថា ឈើដែលមានរាប់ម៉ឺនកំណាត់ខាងលើនេះ គឺឈ្មួញដឹកតាមរថយន្តម៉ាកយីឌុបភ្លៅប្រាំជាច្រើនគ្រឿង ដែលគេដឹងថា ដឹកចេញមកពីតំបន់ស្រែពក ព្រំប្រទល់ខេត្តស្ទឹងត្រែង- រតនគិរី មកស្តុកលាក់ទុកសម្រាប់ធ្វើជំនួញដោយខុសច្បាប់។
បើតាមសម្តីពីឈ្មោះ ប៊ែន ស៊ីយ៉ា ជាមេការមើលការខុសត្រូវឈើប្រណីតផ្ទាល់ បានឲ្យសារព័ត៌មាន មេគង្គប៉ុសិ៍្ត ដឹងថា « ខ្ញុំ គ្រាន់តែដេកចាំឈើនិងចំការអោយគេតែប៉ុណ្ណោះ រីឯម្ចាស់ឈើ និងម្ចាស់ចំការខ្ញុំមិនបានដឹង និងស្គាល់ច្បាស់នោះទេ »។
ថៅកែដេប៉ូឈើម្នាក់នៅក្រុងបានលុងបានប្រាប់ មេគង្គប៉ុសិ៍្ត ថា «ខ្ញុំ ស្គាល់ម្ចាស់ឈើទាំងនោះប៉ុន្តែខ្ញុំមិនហ៊ាននិយាយទេ បើលោកចង់ដឹងច្បាស់លោកសួរខាងមេព្រៃទៅ គេដឹងតែទាំងអស់ហ្នឹងថាជាឈើរបស់អ្នកណា ! »។ថៅកែដដែលបន្តថា « បើមេព្រៃថាមិនដឹង ក៏ចៅហ្វាយខេត្តគាត់ដឹងដែរ ព្រោះឈើរាប់ម៉ឺនកំណាត់ដាក់រាយប៉ាយយ៉ាងនេះ រឿងអីពួកគាត់មិនដឹង ខ្ញុំលក់កូនឈើកំប៉ិកកំប៉ុកម៉េច មិនអាចលាក់ភ្នែកពួកគាត់បាន ចុះទម្រាំ ឈើប្រណីតរាប់ម៉ឺនកំណាត់សន្ធឹកសន្ធាប់ម្ល៉ឹងៗ ខ្ញុំមិនជឿថាពួកគាត់ មិនដឹងនោះទេ »។
ជុំវិញបញ្ហាខាងលើ លោក ធឿន ប៊ុនធាង អភិបាលនៃគណៈអភិបាលស្រុកកូនមុំ បានឲ្យដឹងតាមទូរស័ព្ទថា លោកនឹងមានវិធានការណ៍រៀបចំកម្លាំងក្រុមការងារចុះទៅផ្ទាល់ភ្លាមបង្ក្រាបទីតាំងបទល្មើសស្តុកលាក់ឈើខាងលើនេះជាបន្ទាន់។
ចំណែកលោក ហុង វណ្ណារាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ គ្រប់គ្រងចំនួនបីស្រុក គឺស្រុកកូនមុំ លំផាត់ និងក្រុងបានលុង ក្រុមការងារអង្គភាពអ្នកពត៌មានបានព្យាយាមទូរស័ព្ទទៅជាច្រើនលើក ដោយលោកលើកទូរស័ព្ទឆ្លើយត្រឹមតែអាឡូៗ ពីរទៅបីដងរួចបិទទូរស័ព្ទ ប្រហែលជាមានអ្វីបិទបាំងទើបពុំអាចអោយលោកនិយាយបាន។
ដោយឡែកលោក វង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើប្រចាំខេត្តរតនគិរី ភ្នាក់ងារសារពត៌មាន មេគង្គប៉ុស្តិ៍ បានទូរស័ព្ទទៅលោកដើម្បីសុំការឆ្លើយតបជុំវិញករណីខាងលើនេះ ជាច្រើនដងដែរ តែមិនអាចទំនាក់ទំនងបានទេកាលពីព្រឹកមិញនេះ។
មជ្ឈដ្ឋានមួយចំនួនបានតាមដាន ព័ត៌មានការលាក់ទុកឈើប្រណីដ៏ សន្ធឹកសន្ធាប់ខាងលើនេះ យ៉ាងយកចិត្តទុកដាក់ តើលោកអភិបាល ស្រុកកូនមុំ នឹងប្រើប្រាស់អំណាច របស់លោកក្នុងការរឹបអូសឈើ ល្មើសទាំងនោះបានដែរឬយ៉ាងណា? ព្រោះគេជឿថា បន្តិចទៀត ប្រាកដជាមានអ្នកចេញមុខកាងក្រោមលេសផ្សេងៗ ជាមិនខានឡើយ៕
ដោយ៖ឡុង សារ៉េត