​អង្គការ​តម្លាភាព​កម្ពុ​ជា​នឹង​ចូល​ផ្តល់ព័ត៌ មាន​ពុករលួយ​ដល់ គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​នៅ​ថ្ងៃទី​១៩ ខែកញ្ញា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2014 ក+ ក-

ភ្នំពេញ​៖ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា ២០១៤ នា​សាលប្រជុំ​គណៈកម្មការ​នៃ ​វិមាន​រដ្ឋសភា​នឹងមាន​កិច្ចពិភាក្សា​រវាង​គណៈ កម្មកា​រ​ទី​១០​នៃ​រដ្ឋសភា និង​អង្គការ​តម្លាភាព​កម្ពុជា​។​
​លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត​បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ នៃ​រដ្ឋសភា បានចេញ​លិខិត​អញ្ជើញលោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា និង​សហការី ចូលជួប​ពិភាក្សា​ការងារ ក្នុង​គោលបំណង​ដើម្បី​ទទួល​នូវ​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​តម្លាភាព និង​ការអង្កេត​ប្រឆាំង​អំពើពុករលួយ​។​

ឆ្លើយតប​តាម​លិខិតអញ្ជើញ​របស់​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ថា អង្គការ​លោក​ត្រៀម​ផ្ដល់ព័ត៌មាន និង​អ្នកជំនាញ​ដើម្បី​ផ្ដល់ព័ត៌មាន​បំបាត់​អំពើពុករលួយ​នៅតាម ស្ថាប័នរដ្ឋ​នានា ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នៅ​ចុង​សប្ដាហ៍​នេះ​។​

លោក​បន្តថា អង្គការ​តម្លាភាព​កម្ពុ​ជា នឹង​សហការ​ផ្ដល់​ឯកសារ ឬ​អ្នក បច្ចេកទេស​មាន​វិជ្ជាជីវៈ​ខ្ពស់​ដើម្បី​ស្រាវជ្រាវ​ពី​ឫសគល់ឬ​ដើមហេតុ​នៃ​អំពើពុករលួយ​នៅតាម​ស្ថាប័នរដ្ឋ​នានា​កន្លងមក​៖ «​ដើម្បី ផ្លាស់ប្ដូរ​យោបល់ ពិភាក្សា និង​ជជែក​គ្នា​អំពី​បញ្ហា​អំពើពុករលួយ ក៏ដូចជា​លទ្ធភាព​នៃ​ការធ្វើ​សហប្រតិបត្តិការ​រវាង​រដ្ឋសភា និង​អង្គការ​តម្លាភាព​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន ហើយ​យើង​នឹង​រក​វិធី​ដើម្បី​ធ្វើការ​ជាមួយ គ្នា​ក្នុង​ការជួយ​ជា​លក្ខណៈ បច្ចេកទេស ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​រួមចំណែក​ធ្វើការ​ងារ​ជាមួយនឹងស្ថាប័ន​រដ្ឋសភា​ក្នុងការ​បំពេញ​មុខ ងារ​រួមចំណែក​ប្រយុទ្ធប្រឆាំង​អំពើ ពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

គួរ​បញ្ជាក់ថា​អំពើពុករលួយ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​ជា​មេរោគ​ប្រឆាំង​ការរីកចម្រើន របស់​សង្គមជាតិ ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មិនអាច​រីកចំរើន​បាន​ដែលជា​បុព្វបទ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕Untitled-1  ​​លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត​បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ នៃ​រដ្ឋសភា Untitled-1                                                ​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​