កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន ផ្តល់អត្ថប្រយោជន៍រួម សម្រាប់គ្រប់ភាគី និងសហគមន៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2019 ក+ ក-

ដោយ ៖ សុត្ថារ៉ា
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃកិច្ចប្រជុំ សហព័ន្ធ ឧស្សាហកម្មវាយនភណ្ឌអាស៊ាន ដែលរៀបចំឡើងនៅសណ្ឋាគារសុខា និងរ៉េស៊ីដេន រាជធានីភ្នំពេញ រយៈពេល២ថ្ងៃកន្លងមកនេះ ថាសម្រេចបានលទ្ធផលគាប់ប្រសើរជាមួយអត្ថប្រយោជន៍រួមសម្រាប់គ្រប់ភាគីពាក់ព័ន្ធ នៅក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌ អាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលផ្សេងទៀត កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមកាត់ដេរនៅកម្ពុជា និងលោក ផុងសាក់ អាសសាកុល ប្រធានកិត្តិយសសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន ព្រមទាំងសមាជិក-សមា ជិកា ជាង ៣០រូប មកបីបណ្តាប្រទេសជាសមាជិកអាស៊ាន។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិ បាល កម្ពុជា ក្នុងការកសាងកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ច សម្រួលពាណិជ្ជកម្ម និងការអនុវត្តបញ្ជរអាស៊ានតែមួយ ដើម្បីជំរុញការធ្វើសមាហរណកម្មទំនិញ និងសេវាកម្មចូលទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់ និងពិភពលោក ព្រមទាំងផ្តល់អត្ថប្រយោ ជន៍ ដល់សហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន និងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ទាំង មូល។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធី អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានជួយឱ្យកម្ពុជា មានការផ្លាស់ប្តូរយ៉ាងល្អប្រសើរ ទាំងទិដ្ឋ ភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិ ជាពិសេស ធនាគារពិភពលោក និងធនាគារ អភិវឌ្ឍន៍អាស៊ី ចាត់ទុកជា ខ្លាថ្មីនៅអាស៊ី៕