ស្រ្តីមេផ្ទះកាន់តែច្រើនក្លាយជាម្ចាស់អាជីវកម្មរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2019 ក+ ក-

ដោយ ៖ សំអាន

ភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា នៅលើសកលលោក បាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការបង្កើនការចូលរួមរបស់ស្ត្រី នៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ នៃការរស់នៅ ហើយឃើញថា មានស្រ្តីកាន់តែច្រើន បានក្លាយជាមេដឹកនាំប្រទេសដ៏ឆ្នើម និងជាអ្នកជំនួញដ៏កូកែ។

សម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានចំនួនស្ត្រីវ័យក្មេងកាន់តែច្រើន ដែលមានសមត្ថភាពខ្ពស់ ក្នុងការបំពេញការងារនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាមានស្រ្តីជាច្រើន បាននិងកំពុងប្រកបកិច្ចការងារ និងបង្កើតមុខរបរដោយខ្លួនឯង រហូតមានអ្នកខ្លះបានក្លាយជាអ្នកដឹកនាំអាជីវកម្មដ៏ពូកែ ដែលមានសមាជិកជាច្រើនរយនាក់ក្នុងដៃ។

ជាក់ស្តែង ស្រ្តីវ័យក្មេងកម្ពុជា ក្នុងវិស័យឯកជនមួយ ក្នុងក្រុមហ៊ុន គ្រឿងសម្អាង គ្រួសារកក់ក្ដៅ បានអភិវឌ្ឍន៍ខ្លួនក្លាយពីស្រ្តីមេផ្ទះ ទៅជាម្ចាស់អាជីវកម្មដ៏ឆ្នើមដែលអាចរកប្រាក់ចំណូលបានជាច្រើនក្នុង១ខែៗ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារបានយ៉ាងល្អប្រសើរ។ តាមរយៈកម្មវិធី ជួបជុំសមាជិក និងពិសារអាហារសាមគ្គី កាលពីរសៀលថ្ងៃទី៣០ មិថុនានេះ មានស្រ្តីច្រើននាក់ បានបង្ហាញពីសមត្ថភាព និងបទពិសោធន៍ ក្នុងការធ្វើអាជីវកម្ម នឹងការបង្កើតក្រុមសម្រាប់ពង្រីកអាជីវកម្មក្រោមដំបូល គ្រួសារកក់ក្តៅ ដោយទទួលបានភាពជោគជ័យ។

លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុន គ្រឿងសម្អាងគ្រួសារកក់ក្ដៅ បានឲ្យដឹងថា កម្មវិធីនេះ រៀបចំឡើង ដើម្បីលើកទឹកចិត្តបន្ថែមទៀត ដល់សមាជិករបស់ខ្លួន ដែលបានខិតខំប្រឹងប្រែង ក្នុងជំនួញជាអ្នកលក់ និងចែកចាយបន្ត រហូតក្លាយខ្លួន ជាអ្នកដឹកនាំ ដែលអាចបង្កើតសមាជិកជាច្រើននាក់ដោយខ្លួនឯង។

យ៉ាងណាលោកឧកញ៉ា អ៊ុច សម្បត្តិ បានបង្ហាញនូវជំហរ និងជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ នឹងមានសមាជិក ១សែននាក់ក្នុងឆ្នាំ២០១៩ ហើយនឹងក្លាយខ្លួនជាក្រុមហ៊ុនគ្រឿងសម្អាងលំដាប់ពិភពលោកនៅក្នុងឆ្នាំ២០៣០។
ចំណែកលោកជំទាវ ហ៊ឹម សុភ័ក្រ នាយិការ គ្រួសារកក់ក្តៅ ក៏បានបញ្ជាក់ថា ក្នុងចេតនា នាំនារីជាមេផ្ទះគ្រប់រូប ឱ្យក្លាយទៅជាអាជីវករ អាចធ្វើអាជីវកម្ម រកចំណូលសេដ្ឋកិច្ច បានដោយខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុង ទៅលើស្វាមីតែម្នាក់ នឹងអាចក្លាយទៅជាមេដឹកនាំ លើអាជីវកម្ម ដោយខ្លួនឯងដោយផ្តើមចេញពីដើមទុនដ៏តិចតួចបំផុត។

សូមបញ្ជាក់ថា ក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនផលិត ចែកចាយនិងលក់ផលិតផល ថែរក្សាសម្រស់ តាមអនឡាញដ៏ធំមួយ ប្រចាំប្រទេសកម្ពុជា។ មានបណ្ដាញចែកចាយជាង៦ម៉ឺននាក់ទូទាំងប្រទេស៕