គួរដឹងពីតម្លៃ និងការធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងបាងកក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2019 ក+ ក-

បន្ទាយមានជ័យ ៖ អ្នកដែលមានបំណងទៅមកកម្ពុជា ថៃ អាចធ្វើដំណើរពីក្រុងភ្នំពេញ ទៅក្រុងបាងកក តាមរយៈរថភ្លើងផ្ទាល់តែម្ដងបានដោយងាយស្រួលហើយ បន្ទាប់ពីសេវារថភ្លើងប្រចាំថ្ងៃថ្មីរវាងក្រុងបាងកក និងស្ថានីយបានក្លងលឹក ក្នុងខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ចូលមក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកដំណើរការនៅថ្ងៃ ទី១ ខែកក្កដា ឆ្នាំ២០១៩។

តាមតារាងធ្វើដំណើររបស់ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវេ ដែលបង្ហោះលើ Page Facebook បានឲ្យដឹងថា សេវារថភ្លើងនេះ ត្រូវបាបែកចែកជាពីរដំណាក់កាលសម្រាប់ការធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅទីក្រុងបាងកក គឺ ទី១ ការជិះពីស្ថានីយរថភ្លើងក្រុងភ្នំពេញ ទៅកាន់ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលចំណាយពេលប្រមាណជា ១២ ម៉ោង។ ចេញដំណើរពីភ្នំពេញម៉ោង ៧ ព្រឹក ទៅដល់ប៉ោយប៉ែត ម៉ោងប្រមាណ ៦ ៖៤០ ល្ងាច ដែលមានតម្លៃសំបុត្រ ៧ ដុល្លារ សន្លឹក។ នេះបើ ។

បើមានបំណងឆ្លងចូលទៅប្រទេសថៃ ត្រូវចុះពីរថភ្លើងប៉ោយប៉ែត ធ្វើដំណើរប្រមាណជាង ១គីឡូម៉ែត្រទៀត ទើបទៅដល់ស្ថានីយបានក្លងលឹក ក្នុងខេត្តស្រះកែវ រួចបន្តដំណើរពីស្ថានីយនេះ ទៅកាន់ស្ថានីយក្រុងបាងកក តែម្តង។

គួរជម្រាបដែរថា ការធ្វើដំណើរពីស្ថានីយបានក្លងលឹក ទៅដល់ក្រុងបាងកក មានចម្ងាយ ២៦០ គីឡូម៉ែត្រ ត្រូវប្រើពេលប្រមាណ ៥ ទៅ ៦ ម៉ោង តាមរថភ្លើងលេខ ២៨០ និង ២៧៦ តម្លៃសំបុត្រ ២៥ បាត (ប្រមាណ ៣.៣០០ រៀល ) សម្រាប់កូនក្មេង និង ៤៩ បាត (ប្រមាណ ៦.៦០០ រៀល) សម្រាប់មនុស្សចាស់។ រថភ្លើងចេញពីស្ថានីយបានក្លងលឹក នេះ មានចំនួនពីរជើង ដោយជើងទីមួយចេញនៅម៉ោង ៦ ៖ ៥៨នាទីព្រឹក និងជើងទីពីរចេញនៅម៉ោង១ ៖ ៥៣ នាទីថ្ងៃត្រង់។ ដូចនេះត្រូវសម្រាកនៅប៉ោយប៉ែតមួយយប់ ទើបអាចបន្តដំណើរទៅក្រុងបាងកក តាមរយៈខ្សែរថភ្លើងនេះបាន៕