៦ខែដើមឆ្នាំនេះកម្ពុជានាំចេញអង្ករជាង ២៨ម៉ឺនតោន កើនឡើង៣,៧០ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2019 ក+ ក-

ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ នៅឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ២៨១,៥៣៨តោន កើនឡើង៣.៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ២៧១,៥៣៧តោន។ នេះបើយោងតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។

របាយការណ៍បញ្ជាក់ថា ប្រទេសចិននៅតែនាំមុខគេ ក្នុងការទិញអង្ករពីកម្ពុជា ដោយនៅរយៈពេល៦ខែ ឆ្នាំនេះមានចំនួនជាង១១ម៉ឺន តោន ស្មើនឹង៤០ភាគរយនៃចំនួនសរុប តាមពីក្រោយដោយប្រទេសបារាំងជិត៤ម៉ឺនតោន និងប្រទេស Gabon ចំនួន១.៦ម៉ឺនតោន។
ដោយឡែកសម្រាប់ប្រភេទអង្ករដែលកម្ពុជានាំចេញច្រើនជាងគេ គឺអង្ករក្រអូបចំនួនជិត២៤ម៉ឺនតោន ស្មើនឹង៨៤ភាគរយ ក្រៅពីនោះគឺអង្ករស។

អង្ករកម្ពុជាបានលក់ទៅក្នុងទីផ្សារប្រមាណ៥០ប្រទេសនៅលើពិភពលោក។ ដោយឡែកក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៥ក្រុមហ៊ុន។ នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន៕