EU ផ្តល់ជំនួយដល់សកលវិទ្យាល័យចំនួនពីរនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបង្រៀនរបស់គ្រូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2019 ក+ ក-

ភ្នំពេញ ៖ សហភាពអឺរ៉ុប បានផ្តល់នូវកញ្ចប់ថវិកាដល់សកលវិទ្យាល័យចំនួនពីរនៅកម្ពុជា គឺសកលវិទ្យាល័យកម្ពុជា UC និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញក្នុងការបង្រៀន របស់គ្រូបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សា តាមរយៈគម្រោងពង្រឹងសមត្ថភាពជំនាញបង្រៀនសម័យទំនើប ដល់តំបន់អាស៊ីខាងត្បូងហៅកាត់ថា Contessa។

ពិធីប្រកាសក្នុងការចាប់ផ្តើមអនុវត្តគម្រោងនេះ ត្រូវបានធ្វើឡើងនៅព្រឹក ថ្ងៃទី១១ កក្កដានេះ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដោយមានវត្តមានតំណាងក្រសួងអប់រំ យុវជន និងកីឡា និង លោក ចច អេដហ្គា ឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោក ចច អេដហ្គា បានបញ្ជាក់ឲ្យដឹងថា កម្មវិធីពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងសម័យទំនើប Contessa នេះ នឹងជួយ ធ្វើការពង្រឹងសមត្ថភាពបង្រៀននៅឧត្តមសិក្សារបស់គ្រូ សាស្ត្រាចារ្យ តាមបែប សម័យទំនើប ដោយប្រើប្រាស់ការសិក្សាតាមបែបបច្ចេកវិទ្យា E-Learining។ កម្មវិធីនេះ គឺជាកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យដៃគូក្នុងការ ដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រង និងអភិបាលកិច្ចនៅតាមគ្រឹះស្ថាន ឧត្តមសិក្សានៅកម្ពុជាផងដែរ។

លោក បណ្ឌិត កុល ផេង សាកលវិទ្យាធិការសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានកម្មវិធីនេះ ជាកម្មវិធីពិសេសបំផុត ដែល សាកលវិទ្យាល័យកម្ពុជា និងបញ្ញាសាស្ត្រកម្ពុជា ទទួលបាននូវការគាំទ្រ។ កម្មវិធីនេះ នឹងធ្វើការបង្រៀន បែបថ្មី តាមរយៈE-Learining ដែលសម្រួលដល់សិស្ស និស្សិត ងាយស្រួល ក្នុងការសិក្សារៀនសូត្រ។

គួរបញ្ជាក់ថា កម្មវិធី Contessa ជាកម្មវិធីដែលគាំទ្រដោយសហភាពអឺរ៉ុប ដោយផ្តោតលើកិច្ចសហប្រតិបត្តិការរួមគ្នារវាងគ្រឹះស្ថានឧត្តមសិក្សាជាដៃគូ ទាំងនៅកម្ពុជា នៅស្រីលង្ការ អាល្លឺម៉ង់ និងនៅអូទ្រីស ក្នុងការហ្វឹកហ្វឺន និងផ្តល់បច្ចេកទេសសំខាន់នានាក្នុងការបង្រៀនសម្រាប់គ្រូ ដើម្បីដើរឲ្យទាន់ស្តង់ ដារអន្តរជាតិ៕