៧ខែដើមឆ្នាំនេះ ចំណូលពីរមណីយដ្ឋានអង្គរបានជាង ៦២,៣លានដុល្លារ ធ្លាក់ចុះជាង១០ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2019 ក+ ក-

ភ្នំពេញ ៖ ប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុង រយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះបានធ្លាក់ចុះជាង ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងការលក់សំបុត្រសម្រាប់តំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប។

តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយកាលពី ថ្ងៃសុក្រ បានឲ្យដឹងថា ប្រាក់ចំណូលពីការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួនជាង ៦២,៣ លានដុល្លារ ក្នុងរយៈពេល៧ខែដើមម ២០១៩ នេះ ដោយធ្លាក់ចុះ ១០,៥៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកភ្ញៀវទេសចរមានចំនួនជិត ១,៤ លាននាក់ ធ្លាក់ចុះ ៩,៦៧ ភាគរយ។

សេចក្តីប្រកាសដដែលឲ្យដឹងទៀតថា ចំណែកប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយ ដ្ឋានអង្គរក្នុង ខែកក្កដា មានជាង ៦,៥ លានដុល្លារ ធ្លាក់ ១៩,៦៨ ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំមុន។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍អង្គរកម្ពុជា បានប្រាប់ថា ការដំឡើងថ្លៃសំបុត្រចូលតំបន់អង្គរ សណ្ដាប់ធ្នាប់ក្នុងក្រុងសៀមរាប និងការផ្តោតការយកចិត្តទុកដាក់ខ្លាំងលើភ្ញៀវទេសចរជន ជាតិចិន គឺជាមូលហេតុធ្វើឲ្យចំនួនទេសចរបរទេសថយចុះ។

លោកថា កត្តាមួយចំនួនទៀតក៏ជាមូលហេតុដែលនាំឲ្យធ្លាក់ចុះដែរ ដូចជា «ចាប់តាំងពីសំបុត្រដំឡើងថ្លៃមក ភ្ញៀវភាគច្រើនទិញសំបុត្រចូលតំបន់អង្គរតែ១ថ្ងៃទេ គាត់ចេញទៅប្រទេសផ្សេងវិញ ហើយសណ្តាប់ធ្នាប់យើងនៅមានកម្រិត គឺ«ផ្លូវថ្មើរជើងយើងមាន ប៉ុន្តែការដាក់លក់ទំនិញ និងចតរថយន្តគ្មានសណ្តាប់ធ្នាប់ ព្រមទាំងគោលនយោបាយថ្នាក់ថ្នមចិនកំពុងធ្វើឱ្យប៉ះពាល់ភ្ញៀវទេសចរ បរទេសផ្សេងទៀត»។

សូមជម្រាបថា កាលពីថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា Zero-Dollar Tour កំពុងក្លាយជាចំណែកធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេសមកទស្សនាខេត្ត សៀមរាបធ្លាក់ចុះ។ ក្រុមហ៊ុនដែលលក់កញ្ចប់ប្រភេទ Zero-Dollar Tour ជាអ្នកបំផ្លាញគោលដៅទេសចរណ៍ខេត្តសៀមរាប៕