រុស្ស៊ី-អាមេរិក​គំរាម​ប្រើ​អាវុធ​នុយក្លេ អ៊ែរ វាយប្រហារ​គ្នា​បើ​សង្គ្រាម​អឺរ៉ុប​ខាងកើត​ផ្ទុះឡើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2015 ក+ ក-

រុស្ស៊ី​-​អាមេរិក​:​ជាង​៣​ទសវត្ស​មកហើយ ដែល​ពិភពលោក​ស្ងប់ស្ងាត់ ខណៈ​ប្រទេស​មហាអំណាច​ខាង​ស​ញ្វ​វុ​ធ​ទាំងពីរ​គឺ រុស្ស៊ី​និង​អាមេរិក មិនដែល​មានការ​គំរាមកំហែង​ដាក់គ្នា ។ បើ​និយាយ​ទៅ​គឺ​បន្ទាប់ពី​ពិភពលោក​បញ្ចប់សង្គ្រាម​ត្រជាក់​នៅ​ដើម​ទសវត្ស ១៩៩០​មក​នោះ គឺ​ប្រទេស ដែលមាន​អាវុធ​ប្រល័យ​លោក​ច្រើនជាងគេ​នេះ​ពុំដែល​មានការ​ប៉ះ​ពាក្យ សម្ដី​ទង្គិច​គ្នា​ឲ្យ​ខ្លាំងក្លា​ម្ដងណា​ទេ ចំពោះ​ការបង្ក​សង្គ្រាម ។ ប៉ុន្តែ​នៅពេល​មហាអំណាច​រុស្ស៊ី​ចាប់យក​តំបន់​គ្រី​មៀល​អ៊ុយ​ក្រែ​ន កាលពី​ខែ​មិនា ឆ្នាំ ២០១៤ គេ​សង្កេតឃើញ​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​ចាប់ផ្ដើម​ផ្ទុះ សង្គ្រាមពាក្យសម្ដី​ដាក់គ្នា​ខ្លាំងៗ ហើយ​ទីបំផុត សហភាព​អឺរ៉ុប អាមេរិក និង​ជប៉ុន បានសម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ។ ក្រុង​ម៉ូស្គូ​ដែល​មិន​ខ្លាចញញើត​បន្តិច​នោះ​កាន់តែ​គឃ្លើន ហើយ​រឹតតែ​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេសជិតខាង​ខ្លួន​ថែមទៀត ទោះជា​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ជួប​ឱនភាព​ក៏ដោយ ។​

​ការបញ្ចេញ កម្លាំង​ប្រយុទ្ធ​រវាង​រុស្ស៊ី និង​ណា​តូ​ដែល​ដឹកនាំ​ដោយ​អាមេរិក​
​រយៈពេល​ចុងក្រោយ​នេះ កងទ័ព​រុស្ស៊ី​តែងតែ​ធ្វើ​សមយុទ្ធ ដែល​បំពាក់​ដោយ​សព្វាវុធ​ទំនើបៗ រថក្រោះ រថពាសដែក កាំភ្លើង​ធំ កាំជ្រួច យន្តហោះ​ចម្បាំង និង​នាវាចម្បាំង នៅតាម​ព្រំដែន​របស់ខ្លួន​ជាប់​នឹង​ប្រទេស​អឺរ៉ុប​ខាងកើត ឬ​នៅជាប់​ព្រំដែន ប្រទេស​អ៊ុយ​ក្រែ​ន ។​

នៅពេល​ធ្វើ​សមយុទ្ធ ក្រុង​ម៉ូស្គូ បាន​បញ្ជា​ទ័ព​រថ​គ្រោះ​ចូល​ព្រំដែន​ប្រទេសជិតខាង ជាពិសេស​ប្រទេស​អ៊ុយ​ក្រែ​ន ប្រទេស​អេ​ស្តូ​នៀ និង​ប៉ូឡូញ ដែលជា​សមាជិក​របស់​អង្គការ​ណា​តូ ហើយ​ទង្វើ​នេះ​នាំ​ឲ្យ​អាមេរិក និង​សម្ពន្ធមិត្ត​បង្ហាញ​កំហឹង ហើយ បញ្ជា​ទ័ព​ដាក់ពង្រាយ តាម​ព្រំដែន​ប្រទេស​ទាំងពីរ មកដល់​សព្វថ្ងៃនេះ​។​

​កាលពី​ខែឧសភា អង្គការ​ណា​តូ​ដឹកនាំ​ដោយ​អាមេរិក​បានធ្វើ​សមយុទ្ធ ទ័ពអាកាស ដោយមាន​យន្តហោះ​ចម្បាំង ១១៥ គ្រឿង តែមួយ​ថ្ងៃ​ក្រោយមក រុស្ស៊ី​ធ្វើ​សមយុទ្ធ​កងទ័ពអាកាស ផងដែរ​ដោយមាន​យន្តហោះ​ចម្បាំង ២៥០ គ្រឿង ។ យន្តហោះ​ចម្បាំង​នៃ​ភាគី​ទាំងពីរ​សុទ្ធតែ​បំពាក់​ដោយ​កាំំ​ជ្រួច​ដែល ភ្ជាប់​ដោយ​ក្បាល​អាវុធ​នុយក្លេអ៊ែរ ។​ក្រោយពី​សមយុទ្ធ​បិទ​បញ្ចប់ អាមេរិក​សម្រេច​បញ្ជូន​សព្វាវុធ​ទំនើប​ថែមទៀត ទៅ​ដា​ក់នៅ​ប្រទេស អេ​ស្តូ​នៀ និង ប្រទេស​ប៉ូឡូញ ។ សព្វាវុធ​ទាំងនោះ​មាន​រថក្រោះ កាំ​ជ្រូច កាំជ្រួច​កំទេច​កាំជ្រួច និង​នាវាចម្បាំង ។​

​រុស្ស៊ី​និង​អាមេរិក គំរាម ប្រើ​អាវុធ​នុយក្លេអ៊ែរ បើ​សង្គ្រាម​អឺរ៉ុប​ខាងកើត ផ្ទុះឡើង​
​ស្ថាន​ការ​នៅ​អឺរ៉ុប​ខាងកើត​កំពុង​ស្ថិតនៅ​ចំណុច​ងាយ​គ្រោះថ្នាក់ ដែល​វា​អាច​កើតឡើង ដូច​កាលដែល​អាល្លឺម៉ង់​ខាងកើត​ស្ថាបនា​កំផែង​ប៊ែ​កឡាំង នៅពេល​ពិភពលោក​ផ្ទុះ​សង្គ្រាមត្រជាក់ ។ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោក Frank-Walter Steinmeier ព្រមាន​ថា សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​រុស្ស៊ី ឬ​លោកខាងលិច​ជាមួយ រុស្ស៊ី​កាន់តែ​កើនឡើង គឺជា​សញ្ញា​នៃ​ការផ្ទុះ​សង្គ្រាមត្រជាក់​ពិ​ព​ភ​លោក​ជាថ្មីទៀត ។​

​ក្រុង​ប៊ែ​កឡាំង​ព្រមាន​ថា អឺរ៉ុប​ខាងកើត​អាច​ក្លាយ​ជាទី​ប្រយុទ្ធ​ម្ដងទៀត ហើយ​អាល្លឺម៉ង់​នឹង​ក្លាយជា​ទីតាំង​ពង្រាយ​ទ័ព​របស់​អាមេរិក ដែល​តាម​ផែនការ​អាមេរិក​នឹង​ប​ញ្ចូ​ន​ទ័ព​មក​ដាក់ពង្រាយ​នៅ​អាល្លឺម៉ង់​ចំនួន ៥០០០​នាក់ បំពាក់ ដោយ​រថក្រោះ និង​សព្វាវុធ​ទំនើបៗ ។​

ក្រុង​ម៉ូស្គូ មើលឃើញថា ផែនការ​របស់​អាមេរិក គឺជា​ភស្តុតាង​មួយទៀត ដែល​បញ្ជាក់ថា ក្រុង​វ៉ា​ស៊ិន​តោន មាន​គោលបំណង​ពង្រីក​កម្លាំង​ទ័ព និង​ឥទ្ធិពល​របស់ខ្លួន​មកលើ​រុស្ស៊ី ។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov និយាយថា ក្រុង​វ៉ាស៊ីនតោន ពិត​ជាមាន​ចេតនា រំលោភ កិច្ចព្រមព្រៀង​សន្តិភាព​ណា​តូ -​រុស្ស៊ី ។ តែ​បែបនេះ​ក្ដី ក្រុង​វ៉ាស៊ីនតោន​បដិសេធ ហើយ​អះអាងថា ជា​ការជួយ​ការពារ ប្រទេស​សម្ពន្ធ​របស់ខ្លួន តែប៉ុណ្ណោះ ។ តែ​ជាមួយគ្នានេះ ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ព្រមាន​ថា រុស្ស៊ី អាច​ចាប់​ប្រើ​អាវុធ​នុយក្លេអ៊ែរ ហើយ​ពង្រឹង​ឃ្លាំង​អាវុធ​ប្រល័យ​លោក​នេះ​ច្រើន​ថែមទៀត ។ លោកពូ​ទីន ប្រាប់ ថា​រុស្ស៊ី​មាន​កាំជ្រួច បាញ់ រំលង​ទ្វីប​ដែល​បំពាក់​ដោយ​ក្បាល​នុយក្លេអ៊ែរ ។​

​យោងតាម​ប្រភព​ចារកម្ម​មួយ​របស់​អាល្លឺម៉ង់ ដែលជា​ស្ថាប័នរដ្ឋ​បាន​ឲ្យ​ដឹងថា អាមេរិក​នឹងមាន​ផែនការ​រៀបចំ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ នៅ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​នៅ​អឺរ៉ុប ជាពិសេស​នៅ​ប្រទេស​អេ​ស្តូ​នៀ ប៉ូឡូញ និង​ហុង​គ្រី ដែល​ជាប់​ព្រំដែន​ជាមួយ​រុស្ស៊ី ។​

​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ ច្រើនជាងគេ គឺ​អាមេរិក មាន​៤៨០៤ គ្រាប់ រុស្ស៊ី ៤៤៨០​គ្រាប់ បារាំង ៣០០ គ្រាប់ ចិន ២៥០ គ្រាប់ អង់គ្លេស ២២៥​គ្រាប់ ប៉ា​គិ​ស្ថាន ១២០ គ្រាប់ ឥណ្ឌា ១១០​គ្រាប់ អ៊ី​ស្រា​អ៊ែ​ល ៦០​គ្រាប់ និង​កូរ៉េខាងជើង​១០​គ្រាប់ ៕                   (​ប្រភព vod)

mnjpក្បាល​កាំជ្រួច​នុយក្លេអ៊ែរ​របស់​រុស្សី (​រូប​ពី www.businessinsider.com.au)

,lxcvអាវុធ​នុយក្លេអ៊ែរ​អាមេរិក (​រូបភាព​ដោយ​៖galleryhip.com)