ភ្នំពេញ៖ក្រុមអ្នកគាំទ្របក្សប្រឆាំងបាននាំយកផែនទីដែលពួកគេអះអាងថា បានទិញពីបណ្ណាល័យមួយនៅក្នុងប្រទេសបារាំង ដែលអាចបញ្ជាក់ព្រំដែនប្រទេសកម្ពុជា-វៀតណាម មានខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់)។ អ្នកវិភាគនយោបាយបានចំអកថា បក្សប្រឆាំងកំពុងលេងល្បែងប្រជាភិថុត ព្រោះការដោះស្រាយបញ្ហាព្រំដែន គេធ្វើឡើងរវាងរដ្ឋ និងរដ្ឋ មិនមែនបក្សមួយទៅជជែកជាមួយនឹងរដ្ឋ នៃប្រទេសមួយនោះកើតទេ។
លោក សម រង្ស៊ី បានអះអាងថា ផែនទីទាំងផ្ទាំងៗដែលក្រុមរបស់លោកទិញមកពីប្រទេសបារាំង ជាផែនទីច្បាស់លាស់បង្ហាញពីព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាមនោះ លោកនឹងយកទៅផ្ទៀងផ្ទាត់ទៅនឹងបង្គោលព្រំដែនតាមខ្សែបន្ទាត់ប្រទេស វៀតណាម និងកម្ពុជា។ទោះបែបនេះក្តី មន្ត្រីជំនាញកិច្ចការព្រំដែននៃរដ្ឋាភិបាល មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ព្រោះលោកមិនទាន់បានឃើញផែនទីនោះនៅឡើយ។
នៅរយៈពេលចុងក្រោយនេះ បញ្ហាព្រំដែនកម្ពុជា-វៀតណាម កើតច្រើនកន្លែង។ បញ្ហាព្រំដែននេះដែរជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ផ្ញើកំណត់ទូតទៅរដ្ឋាភិបាលក្រុងហាណូយ។
ក្នុងចំណោមកំណត់ទូតចំនួន៣ ដែលផ្ញើទៅកាន់ស្ថានទូតវៀតណាម ផ្សេងៗគ្នា គឺនៅថ្ងៃទី១២ ទី១៤ និងទី១៧ ខែមិថុនា ក្នុងនោះកំណត់ទូតចំនួន២ គឺពាក់ព័ន្ធទៅនឹងរឿងអាជ្ញាធរវៀតណាម ជីកស្រះចំនួន ៨ ចូលក្នុងទឹកដីកម្ពុជា ក្នុងខេត្តរតនគិរី។
កំណត់ទូតមួយទៀត គឺពាក់ព័ន្ធនឹងអាជ្ញាធរវៀតណាម ជីកដីធ្វើគ្រឹះសម្រាប់សាងសង់ប៉ុស្តិ៍យោធានៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ប៉ុន្តែរដ្ឋាភិបាលវៀតណាម មិនទាន់ឆ្លើយតបជាដុំកំភួននៅឡើយ ដោយគ្រាន់តែលើកឡើងថា រង់ចាំមើលរបាយការណ៍ពីថ្នាក់មូលដ្ឋានសិន។
មាត្រា២ នៃរដ្ឋធម្មនុញ្ញចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទី ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
អ្នកតាមដាននយោបាយបានលើកឡើងថា សកម្មភាពរបស់បក្សប្រឆាំងនាពេលនេះគ្មានអ្វីប្លែកនោះទេ ។បញ្ហាព្រំដែនកម្ពុជា វៀតណាម បញ្ហានិគមន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា គឺជាអាវុធសម្រាប់ផ្តួលគណបក្សកាន់អំណាច។ប្រភពបន្តថា ប្រជាភិថុតបង្កប់ដោយការចងកំហឹងជាមួយប្រទេសជិតខាង មិនចំពោះតែវៀតណាមនោះទេ វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គមខ្មែរ។គេនៅចាំបានថា ព្រឹត្តិការណ៍បង្កឲ្យរើសអើង និងស្អប់វៀតណាម ធ្លាប់បានរុញប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមខ្ទេចខ្ទាំក្នុងអំឡុងទសវត្សរ៍ទី៧០ ។បន្ទាប់មកកម្ពុជាបានធ្លាក់ចូលក្នុងរបបវាលពិឃាតរបស់ក្រុមអាវខ្មៅ ប៉ុល ពត យ៉ាងឃោឃៅរយះពេលជាងបីឆ្នាំ គ្មានបរទេសណាឈឺឆ្អាលជួយសង្គ្រោះប្រទេសកម្ពុជាពីការកាប់សម្លាប់នោះឡើយ ក្រៅពីខ្មែរគ្នាឯង។
អ្នកវិភាគដដែលបន្តថា ក្រុមលោក សម រង្ស៊ី កំពុងបំភ័នមតិប្រជាពលរដ្ឋ និងក្រុមយុវជនខ្មែរឲ្យស្អប់ខ្ពើមវៀតណាមតាមរយះបញ្ហាព្រំដែន ដើម្បីកេងចំណេញខាងនយោបាយ ព្រោះបើនិយាយពីបញ្ហាព្រំដែន ក្នុងពេលជាមួយគ្នានេះ នៅចំណុចអូរបីជាន់ ខេត្តបន្ទាយមានជ័យ ក៏ត្រូវថៃយកត្រាក់ទ័រចូលមកភ្ជួររាស់បម្រុងធ្វើស្រែក្នុងទឹកដីខ្មែរប្រហែល១ពាន់ម៉ែត្រ ជិតបង្គោលព្រំដែនលេខ៤៣ ដែរ ចុះហេតុអ្វីក៏មិនឃើញមិនឮលោក សម រង្ស៊ី និយាយមួយមាត់ណាសោះ ? ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង មិនបញ្ចេញប្រតិកម្មណាមួយចំពោះផែនទីដែលលោក សម រង្ស៊ី គ្រោងយកមកជជែកនោះទេ ព្រោះលោកមិនទាន់បានឃើញផែនទីនោះនៅឡើយ៕ ដោយ ៖ ខេមរៈ
លោក សម រង្ស៊ី មានមតិក្នុងថ្ងៃរៃអង្គាសលុយធ្វើទូរទស្សន៍កាលពីថ្ងៃទី២៧មិថុនា