ក្រសួងការងារ ប្រកាសជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជាផ្លូវការកាលពីថ្ងៃសុក្រ នូវសមាស ភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី១ដែលមាន ​លោករដ្ឋមន្ត្រីជាប្រធាន រីឯតំណាង កម្មករនិយោជិត និងតំណាងនិយោជក ២ រូបជាអនុប្រធាន ខណៈកិច្ចប្រជុំពីការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០ នឹងបន្តនៅដើមខែកញ្ញា ឆ្នាំនេះ។

មុនពេលចេញសេចក្តីប្រកាសនេះ មានមន្ត្រីថ្នាក់ដឹកនាំក្រសួងការងារ តំណាងមកពីខាងកម្មករនិយោជិត និងភាគីនិយោជកប្រមាណជាង ៥០នាក់ បានជួបពិភាក្សាគ្នាក្នុងការកំណត់សមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ១ នេះ។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងការងារ ក្រោយកិច្ចប្រជុំបានបញ្ជាក់ថា សមាភាពនៃក្រុមប្រឹក្សាជាតិនេះមាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារជាប្រធាន និងបានបោះឆ្នោត ជ្រើស រើសអនុប្រធានចំនួន២រូប គឺមានលោក សោម អូន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត ដែលមានសំឡេងគាំទ្រ ៩ លើ ១៦ ចំណែកលោក ណាង សុធី តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក មានសំឡេងគាំទ្រ ១៧ លើ ១៧។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងថា នេះគឺជាការប្រជុំក្រុមប្រឹក្សា ជាតិលើកទី ១ ក្រោយពីបង្កើតឡើងដោយច្បាប់ស្តីអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ដែលចាប់ពីថ្ងៃនេះគឺមានលក្ខណៈពេញលេញដែលអាចពិភាក្សាគ្នា និងផ្តល់យោបល់លើការកំណត់ប្រាក់ឈ្នួលអប្បបរមាមុននឹងក្រសួងសម្រេច ជាចុងក្រោយ៕