ខេត្តរតនគីរីៈ បុរសម្នាក់កំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្តរតនគីរី ហាក់បីដូចបាត់បង់សតិ កំពុងត្រូវការក្រុមគ្រួសារមកមើលថែ។
បើតាមបុគ្គលិកមន្ទីពេទ្យបង្អែកខេត្តម្នាក់បានអោយដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ កន្លងមកនេះ មានបុរសម្នាក់បានឌុបអ្នករបួសម្នាក់ទៀតឈ្មោះ សារី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ ធ្វើការនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ដោយអះអាងថា ខ្លួនជាមិត្តភ័ក្តរបស់ជនរងគ្រោះ ហើយជនរងគ្រោះមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ តាំងពីពេលនោះមក បុរសដែលយកជនរងគ្រោះមកមន្ទីរពេទ្យដែលអះអាងថាខ្លួនជាមិត្តភ័ក្តនោះពុំដែលឃើញមកមើលជនរងគ្រោះទៀតទេ តាំងពីថ្ងៃទី១២ រហូតមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ។
លោកបានបន្តទៀតថា ជនរងគ្រោះឈ្មោះ សារី មានរបួសសៀតផ្កា ខាងស្ដាំត្រូវដេរប្រាំថ្នេរ ក្រោយពីមានការព្យាបាល បុរសរូបនេះដេកមិនហូបបាយ មិនងូតទឹក។ បច្ចុប្បន្ន បុរសរូបនេះរស់ក្រោមការផ្គត់ផ្គង់ពីមន្ទីរពេទ្យ និងមានការថែទាំពីសំណាក់បុគ្គលិកបំរើការក្នុងមន្ទីរយ៉ាងយកចិត្តទុកដាក់។
ស្ត្រីបុគ្គលិកបំរើការក្នុងមន្ទីពេទ្យបង្អែកម្នាក់ដែលមានភារ:នៅថែទាំបុរសរងរបួសនោះបានអោយដឹងថា ដោយឃើញបុរសឈ្មោះ សារី ដេកមិនហូបបាយមិនងូតទឹកមានក្លិនឆ្អេះស្អុយ មិនឃើញមានញាតិមិត្តបងប្អូនមកមើលថែ គាត់ក៏គ្រាយកបុរសនេះទៅងូតទឹកសំអាត បញ្ចុកបាយ ទើបបានគ្រាន់បើបន្តិច ។
ស្ត្រីដដែលបន្តថា បុរសនេះហាក់ដូចពុំសូវដឹងខ្លួន សួរអ្វីពុំសូវដឹងទេ តែពេលដឹងខ្លួនម្ដងៗ សួរទៅថា ម្ដងមានផ្ទះនៅជិតវត្តបាក់ដឹង ម្ដងថានៅភូមិស្វាយ ឃុំលើកដែក ស្រុកលើកដែក ដូច្នេះគាត់ពុំដឹងថាបុរសរូបនេះ មានលំនៅទីណាអោយប្រាកដនោះទេ ។
មន្ទីរពេទ្យបង្អែកខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើមានបាត់សមាជិកគ្រួសារមានភិនភាគដូចខាងលើនេះ ឬបើបងប្អូនណាបានស្គាល់សាច់ញាតិ ឬឪពុកម្ដាយបងប្អូនបុរសរងគ្រោះរូបនេះ មេត្តាជួយជូនដំណឺងបន្តដើម្បីឲ្យគេមកទទួលយកទៅព្យាបាលបន្តទៀតផង៕
ដោយ ៖ឡុង សារ៉េត
បុរសរងគ្រោះ