ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ដល់កីឡាករ វ៉ន វីវ៉ា ក្រោយរងរបួសបាក់ឆ្អឹងដៃខាងឆ្វេង កាលពីថ្ងៃទី២១មិថុនា នៅសង្វៀនប្រដាល់ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ។
កីឡាករ វ៉ន វីវ៉ា ជាអ្នកប្រដាល់ល្បីឈ្មោះរបស់សមាគមក្រសួងការពារជាតិ បានរងរបួសបាក់ដៃខាងឆ្វេង ក្នុងជំនួបប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ លក្ខណៈមិត្ដភាពអន្ដរជាតិ ជាមួយកីឡាករ មកពីប្រទេសស៊ុយអែត ឈ្មោះ Carl Pechsamangym ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម ។
ក្រោយពីកីឡាករ Carl Pechsamangym បានប្រើស្នៀតជើងទាត់ បណ្ដាលឲ្យបាក់ដៃ ខាងឆ្វេងរបស់ វ៉ន វីវ៉ា ក្នុងទឹកទី១ ។ ក្រោយបញ្ចប់ការប្រកួតដោយលើកដៃ សុំចុះចាញ់កីឡាករ វ៉ន វីវ៉ា ត្រូវបានគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ហើយបានត្រឡប់មកដល់ប្រទេសកម្ពុជាវិល កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ ៕