កម្ពុជាត្រៀមស្បៀង១ពាន់តោន និងថវិកា២ពាន់លានរៀលដើម្បីជួយពលរដ្ឋក្រោយទឹកជំនន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2019 ក+ ក-

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញអង្ករចំនួន១.០០០តោន និងថវិកាចំនួន២.០០០លានរៀល ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមជួយសង្រ្គោះដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទាំងឡាយដែលប្រឈមនឹងគ្រោះទឹកជំនន់។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រី ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់នៃបណ្តាខេត្តនានាដែលស្ថិតតាមដងទន្លេ ពិសេសខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ដែលកម្ពស់ទឹកកំពុងលើសកម្រិតប្រកាសអាសន្ន ព្រមទាំងទឹកជំនន់ដោយទឹកភ្លៀងនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាការបាក់ច្រាំង ខ្យល់កន្ត្រាក់ និងហានិភ័យនានាដែលអាចនឹងកើតឡើង ហើយត្រូវត្រៀមជម្លៀសប្រជាពលរដ្ឋឱ្យបានទាន់វេលាទៅកាន់ទីទួលមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យ ទឹកស្អាត និងសត្វអសិរពិស ក្នុងរដូវកាលទឹកជំនន់។

ការណែនាំនេះ ត្រូវបាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធនេះ ក្រោមវត្ត មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយកាកបាទក្រហមកម្ពុជា ក្នុងការនាំយកអង្ករនិងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

រាជរដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការត្រៀមផ្ដល់ស្រូវពូជ ជូនដល់ប្រជាកសិករនៅតាមបណ្ដាខេត្តនានា ដែលបានដាំដុះស្រូវវស្សាហើយទទួលរងការខូចខាតដោយគ្រោះទឹកជំនន់។

ចំណូលដែលបានមកពីវិស័យប្រេង នឹងត្រូវប្រើប្រាស់សម្រាប់តែការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីអភិវឌ្ឍជាតិតែប៉ុណ្ណោះ ដោយមិនត្រូវយកមកប្រើសម្រាប់ចំណាយចរន្តនោះឡើយ។

សូមជម្រាបដែរថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១២ កញ្ញានេះតទៅ កម្ពុជានឹងទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ថ្មីមួយកើតឡើង ហយប្រព័ន្ធសម្ពាធទាបនេះ នឹងរំកិលខ្លួនចុះមកក្រោម ចន្លោះពីខេត្តស្ទឹងត្រែង និងប៉ាក់សេ។ ប្រព័ន្ធសម្ពាធទាបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដែលនឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី ធ្វើឲ្យ ទឹកជំនន់ឆ្នាំ២០១៩នេះ ចាត់ទុកជាចំណាត់ថ្នាក់ជាជំនន់ធំ៕