ភ្នំពេញ៖បន្ទាប់ពីមានការរិះគន់ពីក្រុម អ្នកលេងហ្វេសប៊ុក អ្នកនាងចន ច័ន្ទលក្ខិណា មិនទាន់ចេញមុខបកស្រាយនៅឡើយទេ តបទៅនឹងការលើកឡើងដែលបានចោទថាអ្នកនាងផិតប្ដី ឬបានបោះបង់លោកយុត្ថារ៉ា ឆានី ព្រោះតែបានបុរសសំបូរទ្រព្យដែលទើបបង្ហាញខ្លួននៅពីក្រោយ។
លោក ហេង ណារ័ត្ន ហៅហេង ឡុង ដែលអ្នកណាក៏បានស្គាល់ថាជាម្ចាស់ស្នេហ៍ថ្មីរបស់អ្នកនាងចន ច័ន្ទលក្ខិណាបានចេញមុខបញ្ជាក់ការពិតលើបញ្ហានេះ។ ឆ្លើយឆ្លងតាមទូរស័ព្ទជាមួយភ្នាក់ងារសារព័ត៌មានVOD អ្នក ជំនួញវ័យ៣៧ឆ្នាំរូបនេះ ពោលថាទំនាក់ទំនងរបស់លោក និងអ្នកនាងចន ច័ន្ទលក្ខិណា ទើបតែបានកើតឡើង ក្រោយពីលោកយុត្ថារ៉ា ឆានី និងអ្នកនាងចន ច័ន្ទលក្ខិណា ត្រូវបានតុលាការចេញសាលក្រមឲ្យលែងលះគ្នាប៉ុណ្ណោះ គឺមិនដូចនឹងការលើកឡើងដែលបានចោទថាអ្នកនាងស្គាល់លោក ឬទាក់ទងជាមួយលោក តាំងពីមិនទាន់បែកប្ដីនោះទេ។
លោកបន្តថាចំណងទាក់ទងរវាងខ្លួន និងអ្នកនាងចន ច័ន្ទលក្ខិណា មានលោកយុត្ថារ៉ា ឆានី ដែលក្រោយពីលែងលះបានប្រែអារម្មណ៍ជាបងប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ទទួលដឹងឮទៀតផង។ លោកហេង ណារ័ត្ន ពោលថា «ខ្ញុំនៅ តែមិនយល់រឿងគេថាឲ្យគាត់(ផិតប្ដី)អីអស់ហ្នឹង ព្រោះការពិតខ្ញុំ និងគាត់ស្គាល់គ្នា ក្រោយពួកគាត់លែងគ្នាឆ្ងាយមែនទែន ជាន់ពេលគ្នាតែបន្តិចក៏អត់មានដែរ បើពួកខ្ញុំធ្វើអញ្ចឹង មិចឆានីគាត់រាប់អានខ្ញុំធ្វើអី សួរគាត់មើល គាត់មានតែគាំទ្ររវាងខ្ញុំ និងអាមុំ(ចន ច័ន្ទលក្ខិណា) ស្រឡាញ់គ្នាទៀតផង តារាៗដែលដឹងរឿងពួកខ្ញុំ ក៏ធ្វើសាក្សីបានដែរ ថាខ្ញុំស្រឡាញ់គ្នាពេលណា!»។ លោកថាចំណងទាក់ទងបណ្ដាលឲ្យស្គាល់អ្នកនាងចន ច័ន្ទលក្ខិណា កើតឡើងនៅពេលដែលលោកបើកសម្ពោធក្លិបរាត្រីកម្សាន្តមួយនៅ ភ្នំពេញ ហើយបានជ្រើសក្រុមCambodia Super Model ដែលមាន អ្នកនាងចន ច័ន្ទលក្ខិណា និងឌួង ហ្សូរីដា គ្រប់គ្រង ឲ្យដើរបង្ហាញម៉ូដ។ លោកបន្តថាបន្ទាប់ពីការងារនោះ លោក និងអ្នកនាងក៏មានឱកាសធ្វើការរួមគ្នាបន្តបន្ទាប់ ដោយសារតែលោកមានគម្រោងបើកជំនួញថ្មីបន្តបន្ទាប់ ដែលក្នុងកាលៈទេសៈនោះក៏បានបណ្ដាលឲ្យស្គាល់ចិត្តគ្នាតែម្ដង។
លោកនិយាយថា«ខ្ញុំសារភាពថាខ្ញុំស្គាល់គាត់ក្នុងនាមជា តារាល្បីយូរហើយ ប៉ុន្តែមិនដែលទាក់ទងអីនឹងគាត់ទេ បើតាមខ្ញុំចាំ គឺខ្ញុំធ្វើការជាមួយគាត់កាលបើកក្លិបហ្នឹងយ៉ាងហោចក៏កន្លះ ឆ្នាំដែរ បន្ទាប់ពីគាត់លែងគ្នា ហើយទម្រាំតែខ្ញុំទទួលបានបេះដូងរបស់គាត់ ខ្ញុំសុំនិយាយថាពិបាកណាស់ មិនដូចគេថាតារាសិល្បៈស្រួលទាក់ទង ឬស្ត្រីមេម៉ាយស្រួលលែបខាយនោះទេ ត្រង់ហ្នឹងហើយដែលខ្ញុំស្រឡាញ់គាត់ ហើយច្បាស់លាស់ជាមួយគាត់ ខ្ញុំអត់មានលេងសើចជាមួយគាត់ទេ!»។
លោក ហេង ណារ័ត្ន ឲ្យដឹងទៀតថាចំណងស្នេហាមកទល់ពេលនេះមិនទាន់រំលេចពិធីភ្ជាប់ ពាក្យ ឬស្ដីដណ្ដឹងផ្លូវការនោះទេ ប៉ុន្តែចាស់ទុំសងខាងសុទ្ធបានទទួលស្គាល់ទាំងអស់ ពិសេសគឺគ្រួសារខាងលោក ដោយមិនមានអ្នកណាជំទាស់ ឬរើសអើងអ្វីឡើយ។ លោកថាលោកសម្រេចចិត្តធ្វើខួបកំណើតឲ្យអ្នកនាង កាលពីថ្ងៃទី១៨ មិថុនា មិនមែនដើម្បីសម្ញ៉ែងមុខមាត់នោះទេ គឺដើម្បីបង្ហាញឲ្យឃើញពីក្ដីស្រឡាញ់ចំពោះអ្នកនាងចន ច័ន្ទលក្ខិណា តែប៉ុណ្ណោះ។ លោក ហេង ណារ័ត្ន ពោលថា«ខ្ញុំនិយាយ ដោយត្រង់ តាំងពីខ្ញុំស្រឡាញ់គាត់ ខ្ញុំអត់ដែលបានឲ្យអីទៅគាត់ទេ ហើយគាត់ក៏មិនងាយទទួលដែរ អញ្ចឹងហើយទើបខ្ញុំរៀបចំធ្វើខួបកំណើតឲ្យគាត់ និងប្រគល់របស់តិចតួចហ្នឹងឲ្យគាត់ ដោយឡែកខ្សែក(ពេជ្រ)អីហ្នឹង ខ្ញុំអត់មានបំណងបំពាក់ឲ្យគាត់ទេ ប៉ុន្តែមកពីតារាៗយើងចេះតែរុញពេក ទើបខ្ញុំពាក់ឲ្យគាត់ទៅ មិននឹកស្មានថាភ្ញៀវយើងគាត់ថតបង្ហោះ ហើយធ្វើឲ្យផ្អើលដល់ម្ល៉ឹងទេ!»។
លោកបន្តថាលោកមានគម្រោងរៀបការជាមួយអ្នកនាងចន ច័ន្ទលក្ខិណា ក្នុងពេលខាងមុខ ប៉ុន្តែមិនច្បាស់ពីពេលវេលានៅឡើយទេ ដោយសារតែមានបំណងបំពេញកិច្ចការមុខជំនួញធំមួយរួមគ្នា ឲ្យលេចចេញរូបរាងសិន។ លោកនិយាយថា«ការពិតពួកខ្ញុំរៀប ការពេលណាក៏បានដែរ ប៉ុន្តែមកពីខ្ញុំ និងគាត់សុទ្ធតែធ្លាប់រៀបការហើយ ទើប អត់ចង់ភ្ជាប់ពាក្យ ឬប្រញាប់រៀបការអីពេកទេ ចាំមួយឆ្នាំ ឬ២ឆ្នាំទៀតក៏មិនអីដែរ សំខាន់ពេលនេះ គឺពួកខ្ញុំយល់ចិត្តគ្នា»។
លោក ហេង ណារត្ន័ ប្រាប់ថាខ្លួនមិនមែនជាឧកញ៉ានោះទេ ប៉ុន្តែបានសារភាពថាក្នុងដៃរបស់លោក គឺមានមុខជំនួញច្រើនផ្នែក ដែលសុទ្ធតែជាជំនួញវ៉ាល់លាន មិនអន់ជាងឧកញ៉ានោះទេ។ លោកឲ្យដឹងថាក្រុមហ៊ុនភាគច្រើនរបស់លោក គឺមានភាគហ៊ុនពីក្រុមអ្នកវិនិយោគទុនអាមេរិក សិង្ហបុរី ជប៉ុន មីយ៉ាន់ម៉ា និងនៅអឺរ៉ុបជាដើម ដែលជាដៃគូមុខជំនួញ។ បុរសពោះម៉ាយកូនមួយរូបនេះនិយាយថា«មុខជំនួញរបស់ខ្ញុំមាន ច្រើន ក្រៅពីរកស៊ីខ្ញុំក៏ជាមន្ត្រីនៅក្នុងក្រសួងមួយផងដែរ ប៉ុន្តែខ្ញុំមិនចង់បង្ហើបពីរឿងនេះច្រើនទេ សុំឲ្យគេដឹងត្រឹមថាខ្ញុំជាមនុស្សសាមញ្ញធម្មតាៗទៅបានហើយ !»។ លោកប្រាប់ថាខ្លួនជាអគ្គនាយកក្រុមហ៊ុនJHJ Investment ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញផលិតផលម្រេចខ្មែរធំមួយទៅកាន់ទីផ្សារក្រៅប្រទេស និងជាម្ចាស់ក្រុមហ៊ុននាំចូលបន្ទះសូឡាពន្លឺព្រះអាទិត្យ ដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា ដោយមិនទាន់រាប់បញ្ចូលមុខជំនួញជាច្រើនមុខផ្សេងទៀត។ លោកអះអាងថាមុខជំនួញដែលខ្លួនក្ដោបក្ដាប់សុទ្ធតែប្រើដើម ទុនរាប់សែនរាប់លានដុល្លារ។ ប៉ុន្តែលោកថាចំណុចទាំងនោះមិនមែនជាអ្វីដែលលោកយកបានបេះ ដូងរបស់អ្នកនាងចន ច័ន្ទលក្ខិណានោះទេ។
គួររំឭកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការបានសម្រេចសាលក្រមលែងលះជាផ្លូវការរវាងអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី។ អ្នកទាំងពីរបានបន្សល់ទុកកូនស្រីមួយ ក្រោយពីបានរៀបការរួមរស់ជាមួយគ្នាអស់រយៈពេលជាង១០ឆ្នាំ៕(ប្រភព៖វ៉េអូដេ)