បន្ទាយមានជ័យ៖កសិករសៀមដែល មានការគាំទ្រដោយកម្លាំងការពារព្រំដែនសៀមផងនោះ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគេបាននាំត្រាក់ទ័រមួយថ្ងៃៗពី៤-៦គ្រឿងចូលមកភ្ជួររាស់ និងព្រោះស្រូវលើដីខ្មែរក្បែរបង្គោលព្រំដែនលេខ៤៣ ប្រមាណជាង៦០ហិកតាហើយ ។ចំណែកឆ្មាំការពារព្រំដែនខ្មែរ មិនឃើញមានប្រតិកម្មបែបណាចំពោះករណីនេះទេ បើទោះបីសកម្មភាពរំលោភទឹកដីនេះបានកើតឡើងស្ទើរពេញមួយខែទៅហើយក្តី ។
កម្លាំងការពារព្រំដែន និងមន្ត្រីអាជ្ញាធរកម្ពុជាបានប្រាប់ មេគង្គប៉ុស្តិ៍ នៅថ្ងៃទី២៩ ខែមិថុនានេះថា កសិករថៃបាននាំត្រាក់ទ័រជាច្រើនគ្រឿងចូលមកភ្ជូរ និងព្រោះស្រូវធ្វើស្រែក្នុងដីខ្មែរយ៉ាងរំភើយ ចំណែកទាហាន និងតម្រួតជាយដែនថៃមិនបានហាមប្រាមទេ ហើយថែមទាំងឈរការពារទៀតផង ។ដីស្រែដែលពួកគេចូលមកភ្ជួររាស់ធ្វើស្រែតាមអំពើចិត្តនោះ ស្ថិតនៅក្បែរបង្គោលព្រំដែនលេខ៤៣ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាំងពីខែឧសភា ឆ្នាំ២០១៥មកម៉្លេះ ។
ប្រភពដដែលបន្តឲ្យដឹងថា ទាហាន និងវរៈនគរបាលការពារព្រំដែនកម្ពុជារហូតមកទល់ពេលនេះជិតមួយខែហើយ នៅតែគ្មានបទបញ្ជាពីថ្នាក់លើ ដើម្បីចេញការពាររារាំងសកម្មភាពថៃរំលោភចូលបូរណភាពទឹកដីកម្ពុជានេះទេ។ពួកគេបានត្រឹមនៅស្ងៀមឃ្លាំមើល ឬដើរទៅក្បែរដើម្បីថតរូបផុសលេងក្នុងហ្វេសប៊ុកប៉ុណ្ណោះ ។
មន្ត្រីអាជ្ញាធរមួយបានរាយការណ៍ថា សកម្មភាពរបៀបនេះបានកើតមានតាំងពីខែ ឧសភា មក គឺក្រុមកសិករថៃដែលមានតម្រួត និងទាហានតាមការពារផងនោះ បាននាំត្រាក់ទ័រចូលមកភ្ជួររាស់ដីនៅចំណុចខាងលើនេះក្នុង១ថ្ងៃៗ ពី ៣ ទៅ ៦គ្រឿង និងបានសាបព្រោះស្រូវ បានប្រមាណជាង ៦០ ហិកតា ក្នុងភូមិសាស្ត្រដីខ្មែរ ស្រែថៃ ដែលមានផ្ទៃដីសរុបទំហំ ២២៦ហិកតា។ប្រភពបន្តថា គេនៅចាំបានថា កាលពី៣-៤ឆ្នាំមុនកងពលលេខ៥១ នៃយោធភូមិភាគ៥ បានតវ៉ាទាមទារ និងរឹបអូសយកដីនោះពីថៃមកវិញ តាំងពីឆ្នាំ២០១២ ទុកជារបស់ខ្មែរវិញ តែបានព្យួរទុកទីនោះមិនឲ្យភាគីណាចាត់ចែងធ្វើអ្វីឡើយ រាប់ទាំងកសិករថៃដែលធ្លាប់ធ្វើលើដីនោះពីសម័យដែលកម្ពុជាស្ថិតក្នុងសង្គ្រាមស៊ីវិលនាឆ្នាំ១៩៨០ ឆ្នាំ១៩៩០ និងដើមឆ្នាំ២០០០ មកនោះ ក៏ត្រូវហាមឃាត់ដែរ ។
គួរបញ្ជាក់ថា ដើមឆ្នាំ២០១៥ នេះ បញ្ហាព្រំដែនរវាងប្រទេសជិតខាង បានកម្រើកឡើងសាជាថ្មី គឺវៀតណាមបានចូលមកបាញ់ថ្នាំបំផ្លាញដំណាំកសិករខ្មែរនៅខេត្ត ត្បូងឃ្មុំ និង ចូលមកជីស្រះទឺកចំនួន៥ នៅក្នុងខេត្តរតនគីរី និងចាក់បេតុងបង្គោលរោងយាម នៅស្រុកកោះ ធំខេត្តកណ្ដាល ។ទង្វើរបស់វៀតណាម គឺជាការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា ត្រូវបានក្រសួងការបរទេសកម្ពុជាធ្វើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ ។ ខណៈដែលបញ្ហាជាមួយវៀតណាមមិនទាន់បានដោះស្រាយចប់ផង សៀមបានមកបង្ករបញ្ហានៅព្រំដែនស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាថ្មីទៀត បើទោះបីកន្លងមក ពួកគេមិនទាន់បាន អនុវត្តតាមសាលដីការរបស់តុលាការអន្តរជាតិក្រុងឡាអេដែលបាន បញ្ជាក់ជាថ្មី ឲ្យសៀមដកទាហាន ឬឆ្មាំការពារព្រំដែនចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារដែលថិតក្នុងដែនអធិបតេយ្យភាពកម្ពុជាយ៉ាណាក៏ដោយ នេះបានចំដូចពាក្យចាស់ពោលថា សៀមមិនចោលក្បួន យួនមិនចោលពុត មែន ! ហើយចុះអស់លោកតំណាងរាស្រ្តបក្សប្រឆាំងដែល ក្អេងក្អាងខ្លាចបាត់ទឹកដីនោះ ទៅសំងំនៅឯណាអស់ហើយ ម្តេចមិន ធើ្វឲ្យក្តៅគគុកដូចនៅខេត្តស្វាយរៀងផង ?៕ ដោយ៖ខេរៈ
កម្លាំងការពារព្រំដែនសៀមនៅគាំទ្រពេលពលរដ្ឋសៀមភ្ជួររាស់ដី