៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរចេញទស្សនានៅទូទាំងប្រទេសជាង ១លាន ៤សែននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសមានចំនួនជាង ១លាន ៤សែននាក់ កើនឡើង ៣៧.២៥% នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ កញ្ញានេះ។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលដើរ កម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ កញ្ញា មានចំនួន ១លាន ៤សែន ៣ម៉ឺន ៧ពាន់ ៩៨៨នាក់ កើនឡើង ៣៧.២៥% ក្នុងនោះភ្ញៀវជាតិ មានចំនួន ១លាន ៣សែន ៦ម៉ឺន ១ពាន់ ២៤០នាក់ កើនឡើង ៣៤.៩១% ចំណែកភ្ញៀវអន្តរជាតិមានចំនួន ៧ម៉ឺន ៦ពាន់ ៧៤៨នាក់ កើនឡើង ៩៨.១៤%។ លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួនជាក់ស្តែងអាចច្រើន ជាងនេះ ពីព្រោះប្រជាពលរដ្ឋក៏បានទៅកម្សាន្តនៅតាមកន្លែង ដែលមានសក្តានុពលទេសចរណ៍ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។ ឯកឧត្តមថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ក្រុមការងារសង្កេតឃើញថា ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើន កាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ យើង បានទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូន ភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍។ ទន្ទឹមនេះបើទោះបីនៅតែជាបញ្ហាស្មុគ ស្មាញ តែបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់ រលឹក ដោយមានការចុះអប់រំណែនាំពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។ ចំណែកបញ្ហាសន្តិសុខ សុវត្ថិភាព ក៏មាន ភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការ ងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ ដែល ងាយរងគ្រោះជាដើម។

លោក ថោង ខុន បានបន្ថែមថា កត្តាដែលជំរុញឱ្យមានកំណើនទេសចរណ៍នេះ គឺមកពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ នាំមកនូវការរីកចម្រើនខាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕