ប្រតិភូសាលាក្រុងភ្យុងធែក នៃសាធារណរដ្ឋកូរ៉េ ពិនិត្យសក្តានុពល និងស្ថានភាពនៃសេវាកម្មកំពង់ក្រុងព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ រដ្ឋបាលបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យ គណៈប្រតិភូសាលាក្រុង ភ្យុងធែក (Pyeongtaek City Hall) នៃសាធារណរដ្ឋកូរ៉េ ចូលជួប លើកិច្ចសហប្រតិបត្តិការលើការងារមួយចំនួន ជាពិសេសការចុះពិនិត្យពីសក្តានុពល និងស្ថានភាពរសេវាកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កិច្ចពិភាក្សាគ្នានោះ ខាងភាគីកូរ៉េ ដឹកនាំដោយ លោក គីម ដូយ៉ុង (Kim Routing) ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចកូរ៉េ-កម្ពុជា ដោយបានចូលជួបពិភាក្សាការងារជាមួយ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

នាឱកាសនោះ អភិបាលរងខេត្ត ព្រះសីហនុ លោក ជាវ វិជ្ជាក់ បានជំរាបជូនប្រតិភូកូរ៉េ អំពីសក្តានុពល របស់ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានកំណត់ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព តាមរយៈការជំរុញការអភិវឌ្ឍន៍ទីក្រុងទំនើប, រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក ហើយជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង និងជាច្រកចេញ-ចូលអន្តរជាតិ ជាមជ្ឈមណ្ឌលកំណើនជាតិ ដែលមានទំនាក់ទំនងជាមួយ ទីផ្សារអាស៊ាន និងទីផ្សារសកលលោក , ជាមជ្ឈមណ្ឌលឧស្សាហកម្ម បែបបច្ចេកវិទ្យាទំនើប ប្រកបដោយសុខដុមនីយកម្ម ជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

លោក ជាវ វិជ្ជាក់ បន្តថា ខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម បែបវិទ្យាសាស្រ្តទំនើប សម្រាប់ការនាំចេញ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ និង ៤ផ្សេងទៀត កំពុងត្រៀមដាក់ឲ្យដំណើរការនាពេលខាងមុខ ។ លោកថា៖វិស័យអតិភាពឈានមុខគេ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នមានដូចជា ៖ វិស័យឧស្សាហកម្ម ទេសចរណ៍, កំពង់ផែសមុទ្រ, ព្រលានយន្តហោះ, សំណង់ និងវិស័យផ្សេងៗទៀត។

លោក ជាវ វិជ្ជាក់ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា វិស័យទេសចរណ៍ នាខេត្តព្រះសីហនុ មានអំណោយផលពីធម្មជាតិ ដោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិ នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ក្នុងមហាសន្និបាតលើកទី៧ នៅទីក្រុង Toubacouta នៃប្រទេស Senegal កាលពីឆ្នាំ២០១១ ហើយក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថាជា “តារារះនាទិសនារតី”។

លោក ជាវ វិជ្ជាក់ បន្តជំរាបជូនភ្ញៀវកូរ៉េថា ជាមួយធម្មជាតិដ៏សម្បូរបែប រួមមាន៖ ព្រៃធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ ផ្កាថ្ម ជីវចំរុះ ទេសភាពដ៏ស្រស់ត្រកាលនៅតាមកោះតូចធំទាំង៣២ គឺជាទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកំសាន្តសប្បាយរីករាយ នៅតាមរមណីយដ្ឋានឆ្នេរសមុទ្រ និងនៅតាមកោះនានា នាមូលដ្ឋានខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀតនាថ្ងៃអនាគត។

ដោយឡែក លោក គីម ដូយ៉ុង Kim Routing ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចកូរ៉េ-កម្ពុជា ក៏បានថ្លែងកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើន របស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។

លោកបន្តថា គណ:ប្រតិភូ ចូលមកទស្សនកិច្ចខេត្តព្រះសីហនុ ពេលនេះ គឺមានគោលបំណង ពិនិត្យអំពីសក្តានុពល និងស្ថានភាព នៃសេវាកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ , ឈ្វេងយល់នៅតំបន់កំពុងមានការអភិវឌ្ឍ និងការផ្លាស់ប្ដូរកម្មវិធីផ្សេងៗជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធនានា នៃខេត្តព្រះសីហនុ ដើម្បីពង្រឹងចំណង មិត្តភាព សាមគ្គីភាពទ្វេភាគី (ថ្នាក់មូលដ្ឋាន) និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តតព្រះសីហនុ ជាមួយ ក្រុង ភ្យុងធែក (Pyeongtaek City Hall)៕