រតនគិរី៖នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តរតនគិរី បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ« ចូរធ្វើឲ្យជីវិត និងសហគមន៏យើងគ្មានគ្រឿងញៀន »ក្រោមអធិបតេយ្យភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក លី គឹមឡុង អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមនិងកម្លាំងនគរបាល សិស្សានុសិស្ស មន្ត្រីរាជការប្រមាណជាង៣០០នាក់ ។
លោកវរ:សេនីយឯក វ៉ាន់ សង្វាត ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំជាតិ និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងតាមបណ្តាអធិការក្រុង ស្រុក ទាំង៩ បានធ្វើការបង្ក្រាបជាក់ស្តែងក្នុងឆ្នាំ២០១៤កន្លងមកនេះ សរុប ១៧ករណី ស្មើនឹង៣២ មុខសញ្ញា ក្នុងនោះស្រី៧មុខសញ្ញា ពីបទជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។បានដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ១ថង់ធំ និង៧៣ថង់តូច មានទម្ងន់សរុប១គីឡូ ៨ខាំ ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១៧គ្រាប់ ជញ្ជីងថ្លឹង និងសំភារ:បំរើឲ្យការសេពជាច្រើនទៀត ។
ដោយឡែកនៅក្នុងឆមាសទី១ ឆ្នាំ២០១៥នេះការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបជាក់ស្តែងចំនួន៩ករណី ស្មើនឹង១៣មុខសញ្ញា ពីបទជួញដូរគ្រឿងញៀន និងបានដកហូតថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន៣០ថង់តូច និងសំភារ:មួយចំនួន បើប្រៀបធៀបជាមួយឆមាសទី១ដើមឆ្នាំ២០១៤ ការបង្ក្រាបនេះមានការកើនឡើង ។
ឯកឧត្តម ឧត្តមសេនីយ៏ឯក លី គឹមឡុង អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សូ នាក់ អភិបាលរងខេត្ត មានប្រសាសន៏លើកឡើងពីផលប៉ះពាល់នៃគ្រឿងញៀនទៅដល់សណ្តាប់ធ្នាប់សង្គម និងដល់សន្តិសុខជាតិផងដែរ ។ លោកក៏បានណែនាំ និងផ្តាំផ្ញើដល់កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត ត្រូវបន្តសហការបង្ក្រាបឲ្យបានរាល់សកម្មភាព ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសូមឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ចាកចេញឲ្យឆ្ងាយពីថ្នាំញៀន ហើយចូលរួមជាមួយអាជ្ញាធរតាមរយះធ្វើសេចក្តីការរាយការណ៍ដោយសម្ងាត់ជូនសមត្ថកិច្ច អំពីគ្រឿងញៀន ៕ដោយ៖ ឡុងសារ៉េត