ធនាគារជប៉ុន ពិតជាអាចកាត់បន្ថយអត្រាការប្រាក់រយៈពេលខ្លី ដើម្បីបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2019 ក+ ក-

បរទេស ៖ ទេសាភិបាលធនាគារជប៉ុន លោក ហារ៉ូហ៊ីកូ គូរ៉ូដា បាននិយាយថា ធនាគារជប៉ុន នឹងពិតជាកាត់បន្ថយអត្រាការប្រាក់ ពីរយៈពេលខ្លីទៅមធ្យម ប្រសិនបើវាចាំបាច់ដើម្បីបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។

លោកគូរ៉ូដាក៏បាននិយាយ ថាធនាគារជប៉ុន មានក្របខ័ណ្ឌ អាចបត់បែនបាន ដែល អនុញ្ញាតឱ្យធនាគារបង្កើនល្បឿនការទិញមូលនិធិប្តូរប្រាក់ ហៅកាត់ថា ETF ប្រសិនបើ ទីផ្សារប្រែប្រួល បង្ហាញពីការត្រៀមខ្លួន ចំពោះការធ្លាក់ចុះតម្លៃភាគហ៊ុនកម្រិតមធ្យម ដែល អាចប៉ះពាល់ដល់អាជីវកម្ម។ លោកគូរ៉ូដា បានប្រាប់ព័ត៌មានរ៉យទ័រថា ជាទូទៅទស្សន វិស័យសេដ្ឋកិច្ចពិភពលោក កាន់តែមានសន្ទុះតិច ហើយពេលវេលានៃកំណើន សេដ្ឋកិច្ច ពិភពលោក ត្រូវបានពន្យារពេលបន្តិច ចំណែកហានិភ័យនៅតែបន្តកើនឡើងខ្ពស់ ។

លោកបាននិយាយថា ប្រសិនបើយើងត្រូវការបន្ធូរបន្ថយលក្ខខណ្ឌរូបិយវត្ថុបន្ថែមទៀត យើងពិតជានឹងកាត់បន្ថយអត្រាការប្រាក់រយៈពេលខ្លី ទៅមធ្យម។ ប៉ុន្តែយើងមិនចង់កាត់បន្ថយអត្រាការប្រាក់រយៈពេលវែងទេ។ ការកត់សម្គាល់នេះ បញ្ជាក់ពីការព្រួយបារម្ភរបស់ធនាគារ លើផលប៉ះពាល់ ដោយសារសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកនិងចិន និងការធ្លាក់ចុះតម្រូវការពិភពលោក ។

ការកាត់បន្ថយអត្រាការប្រាក់ក្នុងរយៈពេលខ្លី និងមធ្យមនេះ នឹងជះឥទ្ធិពលវិជ្ជមាន ដល់សេដ្ឋកិច្ចប្រទេសនេះ ខណៈពេលដែលការកាត់បន្ថយទិន្នផលក្នុងរយៈពេលវែងអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអតិថិជនតាមរយៈការកាត់បន្ថយផលចំណេញពីការវិនិយោគ សម្រាប់មូលនិធិសោធននិវត្តន៍ និងធានារ៉ាប់រងអាយុជីវិត៕