ភ្នំពេញ៖គណៈកម្មការ កិច្ចការព្រំដែនកម្ពុជានៅថ្ងៃព្រហស្បតិ៍ទី២ កក្កដានេះ បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញផែនទីទឹកដីខ្មែរដែល កម្ពុជាបានតម្កល់នៅអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលបានអះអាងថា រាល់ការចរចាជាមួយប្រទេសជិតខាង កម្ពុជាតែងតែផ្អែកលើផែនទីនេះ។ ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានដែលមានតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិចូលរួមនោះ លោកវ៉ា គឹមហុង បានបញ្ជាក់ការចរចាព្រំដែនជាមួយវៀតណាមនៅថ្ងៃចន្ទទី៦ កក្កដាខាងមុន នោះ គឺប្រាកដជាតានតឹង។
“រឿង តានតឹងវាគឺជារឿងធម្មតា ប៉ុន្តែថ្ងៃខ្លះ ពេលគេហៅហូបបាយ យើងមិនហូបបាយផង”នេះគឺជាការបញ្ជាក់ពីលោកវ៉ា គឹមហុងដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី ២ កក្កដា។ ប្រធានគណៈកម្មការព្រំដែនភាគីកម្ពុជាដែលជាអ្នកចូលចរចាផ្ទាល់រូប នេះ បានបន្ថែមថាការចរចាទាំងអស់ជាមួយវៀតណាម គឺជួបការលំបាក ព្រោះថាព្រំដែនត្រង់ចំណុចខ្លះប្រទេសទាំងពីរបានគូសបន្ទាត់ព្រំដែន ពីរផ្សេងគ្នាដែលទាមទារឱ្យមានការពិភាក្សាយ៉ាងលំអិត និងតថ្លៃគ្នាទៅវិញទៅមក។
ដោយឡែកកិច្ចប្រជុំជាមួយប្រទេសវៀតណាមនៅថ្ងៃទី៦ កក្កដាខាងមុខនេះទៀត គឺពិតជាបន្ថែមការលំបាក។ លំបាកព្រោះថា ក្រៅពីការខ្វែងគំនិតគ្នាលើចំណុចព្រំដែនមួយចំនួនដែលនៅសេសសល់ ហើយនោះ។ កិច្ចប្រជុំនៅសៀមរាបនេះ គឺត្រូវដាក់របៀបវារៈសំខាន់ពីរបន្ថែមទៀត គឺសកម្មភាពវៀតណាមនៅតាមព្រំដែនក្នុងពេលថ្មីៗនេះ និងអំពើហិង្សាដែលបានផ្ទុះឡើងនៅព្រំដែនក្នុងខេត្តស្វាយរៀងកាលពី ថ្ងៃទី២៨ មិថុនា។ សូមបញ្ជាក់ថា ក្នុងអំពើហិង្សានោះ រដ្ឋាភិបាលវៀតណាម បានរិះគន់យ៉ាងខ្លាំង។
លោកវ៉ា គឹមហុង បង្ហើបថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់ទាំងបានសរសេរលិខិតអន្តរាគមន៍ផ្ទាល់ទៅនាយករដ្ឋមន្ត្រី ប្រទេសវៀមណាមក្នុងសំណុំរឿងដ៏ក្តៅគគុកជាមួយវៀតណាមនេះផងដែរ។លោក ប្រធានគណៈកម្មការព្រំដែនដដែលរូបនេះ បានបន្ថែមថា ពេលខ្លះភាគីវៀតណាមមិនបានសម្របសម្រួលជាមួយកម្ពុជាដើម្បីដោះស្រាយ ពីបញ្ហាព្រំដែននោះទេ។
ក្រៅពីការបង្ហើបពីភាពតានតឹងក្នុងការចរចាជាមួយវៀតណាមនោះ លោកវ៉ា គឹមហុងក្នុងនាមជាអ្នកចរចាព្រំដែនឱ្យរដ្ឋាភិបាល បានការពាររដ្ឋាភិបាលថា កម្ពុជាមិនដែលអនុញ្ញាតឱ្យមានការរំលោភពីភាគីណាមួយដោយខ្លួនមិន បានតវ៉ានោះទេ។ ការលើកឡើងយ៉ាងដូចនេះ គឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានបង្ហាញពីសកម្មភាពចុះត្រួត ពិនិត្យនៅតាមព្រំដែនយ៉ាងសកម្ម និងបានបង្ហាញពីភាពអវិជ្ជមានមួយចំនួនទាក់ទងនឹងរឿងព្រំដែនជាមួយ វៀតណាម។
ក្រៅពីការបង្ហាញពីភាពតានតឹងក្នុងការចរចានោះ លោកវ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែន ក៏បានបង្ហាញផែនទី២៦ផ្ទាំងដែលកម្ពុជាបានតម្កល់នៅអង្គការសហប្រជាតិ ឆ្នាំ១៩៦៤ ហើយផែនទី២៦ផ្ទាំងនេះ ដែលកម្ពុជាបានយកទៅចរចាព្រំដែនជាមួយប្រទេសជិតខាង។
សូមកត់សំគាល់ថា សន្និសីទសារព័ត៌មានដែលមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោករៀល ខេមរិន្ទ្រ និងលោកអ៊ុំ សំអានចូលរួមនេះ មានការជជែក និងពន្យល់គ្នាមួយសន្ទុះផងដែរ។ ការជជែកវែកញែក និងពន្យល់រឿងព្រំដែននៅខេត្តកំពត និងខេត្តស្វាយរៀងជាដើម។
សូមបញ្ជាក់ថា កម្ពុជានិងវៀតណាមនឹងជួបប្រជុំគ្នារឿងព្រំដែនរយៈពេលបីថ្ងៃនៅ ខេត្តសៀមរាបចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ កក្កដា។ លោកវ៉ា គឹមហុងអ្នកចរចាជាមួយប្រទេសវៀតណាម បានអំពាវនាវឱ្យប្រទេសវៀតណាមគោរពអនុសញ្ញា និងកិច្ចព្រមព្រៀង និងមិនធ្វើសកម្មភាពអ្វីទាំងអស់នៅតាមព្រំដែនដែលនៅមានជម្លោះ៕ (ប្រភពះអែអេហ្វអ៊ី)
លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មការព្រំដែនកម្ពុជា