ជប៉ុន នឹងជួយរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2019 ក+ ក-

ភ្នំពេញ ៖ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែតុលា នេះ បានទទួលជួប ពិភាក្សាការងារជាមួយលោកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា មីកាមិ ម៉ាសាហ៊ីរ៉ូ នៅវិមានសន្តិ ភាព។ នៅក្នុងជំនួបនោះ អគ្គរាជទូតជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងជួយរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ឲ្យកាន់តែប្រសើរជាងនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការរីកចម្រើនផ្នកដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាចង់ឲ្យជប៉ុនរៀបចំផែនការមេក្នុងការអភិវឌ្ឍកំពង់ផែព្រះ សីហនុឲ្យបានទទួលជោគជ័យ ព្រោះការកសាងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយពង្រឹងសមត្ថភាពកំពង់ផែក្នុងការទទួលកប៉ាល់ធំៗ ចូលចត ដោយមិន បាច់ផ្ទេរទំនិញមួយចំនួននៅកំពង់ផែវៀតណាម សិង្ហបុរី និងម៉ាឡេស៊ីជាដើម។

លោកអគ្គរាជទូតជប៉ុនបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងជប៉ុនមានទំនាក់ទំ នងកាន់តែល្អ។លោកបញ្ជាក់ថាប្រទេសជប៉ុននៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជារួមទាំងគាំទ្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀតដូចជាផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងទៀត។ឯកឧត្តមបានប្ដេជ្ញាចិត្តថា នៅក្នុងអាណិត្តទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រ តិបត្តិការទ្វេភាគីឱ្យកាន់តែមានរីកចម្រើនទទួលផលផ្លែផ្កានិងជោគជ័យកាន់តែធំធេងៗទៀតប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលជប៉ុននឹងបន្តជួយដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការជំរុញការនាំចេញផលិត ផលរបស់កម្ពុជាទៅកាន់ទៅកាន់ទីផ្សារអន្តរជាតិ។

សម្ដេចតេជោ បានថ្លែងអំណរគុណជប៉ុន ដែលបានចូលរួមចំណែកផ្ដល់ជំនួយយ៉ាងច្រើនបំផុតដល់កម្ពុជា ពិសេសទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន បានរួមចំណែកក្នុងការកសាង និងស្ដារប្រទេសកម្ពុជា។ សម្ដេចបានបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរបានឡើងដល់កម្រិតខ្ពស់ ជាកម្រិតដៃគូយុទ្ធសាស្ត្រ ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ។ ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ក៏បានជួយសម្រួលដល់ការធ្វើដំណើរការទូតអ្នកវិនិយោគនិងទេសចរណ៍ផងដែររវាងប្រទេសទាំងពីរ។

ទំហំពាណិ ជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនឡើងជាលំដាប់ ហើយសម្ដេចចង់បន្តឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្តមានការរីកចម្រើនថែមទៀត រួមទាំងការបណ្ដាក់ទុនពីវិនិយោគិនជប៉ុននៅកម្ពុជានៅពេលខាងមុខ៕