ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា បានកើនឡើងរហូតដល់ ៨០០ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2019 ក+ ក-

ភ្នំពេញ ៖ គិតពីឆ្នាំ២០១៦ រហូតដល់ពេលបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-កាណាដា បានកើនឡើងរហូតដល់ ៨០០% ហើយកាណាដា បាននៅតែផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកំពុងអភិវឌ្ឍសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។

នេះបើតាមការថ្លែងឱ្យដឹងរបស់លោកទំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា ខណៈដែលត្រូវបាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានអនុញ្ញាឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសអញ្ជើញចូល រួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកកប្រទេសថៃ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក។

នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរ ចំពោះជោគជ័យ នៃការបំពេញ បេសកកម្មការទូតរបស់លោកជំទាវ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់លោកជំទាវ ក្នុង ការរួមចំណែក ដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែល សបញ្ជាក់ តាមរយៈកំណើនយ៉ាងលឿន នៃទំហំពាណិជ្ជកម្ម កម្ពុជា-កាណាដា។

លោកបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់ កម្ពុជា ជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាស ធាតុ។ ក្នុងក្របខណ្ឌអាស៊ាន ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀង ពាណិជ្ជ កម្មសេរី (FTA) អាស៊ាន-កាណាដា។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការ គាំទ្រ និងសម្របសម្រួលដល់ការបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានរំលឹកអំពីប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងនៅក្នុងឱកាសបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅពេលកន្លងថា សូមឲ្យចៀសឆ្ងាយអំពីការរំលោភបំពានផ្លូវភេទ ក្នុងចំណោមកងកម្លាំងមួកខៀវ ទាំងអស់ ដែលសូម្បីតែអង្គការសហប្រជាជាតិ ក៏មិនទាន់បានគិតគូរដល់បញ្ហានេះនៅឡើយ ។

ក្រៅពីនេះ ប្រមុខការទូរទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ដោយត្រង់ទៅត្រង់មក លើបញ្ហាជាច្រើន ផ្សេងទៀត រួមទាំងបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាការយកចិត្តទុកដាក់រួមផងដែរ៕