កម្ពុជាចាញ់ម្ចាស់ផ្ទះហុងកុង ២-០ ខណៈកីឡាករសំខាន់ម្នាក់ទទួលកាត​ក្រហម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2019 ក+ ក-

ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ក្រុម​កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ហុងកុង​ក្នុង​លទ្ធផល ២-០ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ FIFA World Cup 2022 ។​

២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ​ហុងកុង​រកបាន​ដោយ​កីឡាករ James Stephen Gee Ha នៅ​នាទី​២១ និង Roberto Junior នៅ​នាទី​៨៣ ខណៈ​ប្រធាន​ក្រុម​កម្ពុជា សឿ​យ វិសាល ទទួលបាន​កាត​ក្រហម​នៅ​នាទី​៧៨​។​

លោក Mixu Paatelainen គ្រូបង្វឹក​ហុងកុង​បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ការប្រកួត​នេះ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​ក្រុម​យើង​លេង​បានល្អ​ជាមួយ​ស្មារតី​ក្រុម​ដែល​យើង​ព្យាយាម​អភិវឌ្ឍន៍​។ លោក​ថា យើង​លេង​ជា​ក្រុម​បានល្អ​ចេះ​ជួយ​គ្នា​និង​ជាពិសេស​យើង​លេង​ក្នុង​ទឹកដី​ដែលមាន​អ្នកគាំទ្រ​យើង​ច្រើន​ជួយ​ជា​កំលាំងចិត្ត​ក្រុម​។​

​ចំណែក​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix G. Dalmas បាន​លើកឡើងថា ជាដំបូង​គឺ​អបអរ​ដល់​ហុងកុង​ដែល​ទទួលបាន​ជ័យជំនះ​ក្នុងការ​ប្រកួត​នេះ​។ ថ្វីត្បិតតែ​យើង​មិនបាន​ទទួលលទ្ធផល​ដែល​យើង​ចង់បាន តែ​ខ្ញុំ​ពេញចិត្ត​និង​របៀប​លេង​របស់​កីឡាករ ដែល​ព្យាយាម​លេង​តាម​ទម្រង់​និង​ព្យាយាម​គ្រប់គ្រង​បាល់​។​ លោក​បាន​បន្តថា ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ដែល​ការខិតខំ​របស់​កីឡាករ​យើង មិនអាច​ទទួលបាន​ល​ទ្ធ​ផល​ដែល​ពួកគេ​សម​ទទួលបាន​ព្រោះ​ការប្រឹងប្រែង​របស់​ពួកគេ​។

​សរុប​ពិន្ទុ​បណ្ដោះអាសន្ន​ពូ​ល C អ៊ីរ៉ាក់​មាន​១១​ពិន្ទុ ឈរ​កំពូល​តារាង​ពីលើ​បា​រ៉ែ​ន​មាន​៩​ពិន្ទុ​។ អ៊ីរ៉ង់​ស្ថិតនៅ​លេខ​៣​មាន​៦​ពិន្ទុ​។ ហុងកុង​ឈរ​លេខ​៤​មា​៥​ពិន្ទុ ខណៈ​កម្ពុជា ស្ថិតនៅ​បាត​តារាង​មាន​១​ពិន្ទុ​៕