កម្ពុជាទទួលបានចំណូលប្រមាណ២៦៦លានដុល្លារពីការនាំចេញជ័រកៅស៊ូ រយៈពេល១០ខែឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៩៩,៩៧៥តោន កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ ២៦៦ លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

របាយការណ៍ដដែលបញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ១០ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣២ដុល្លារក្នុង១តោន បានធ្លាក់ចុះ២%។ បើគិតជាចំណូលដែលកម្ពុជាទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល១០ខែ មានចំនួនប្រមាណជា២៦៦,៣៦៦,៧០០ដុល្លារអាមេរិក។

សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែតុលា មានចំនួនប្រមាណជាជាង ២៦,៩០៤តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែតុលានេះមានតម្លៃ ១,៣០៨ដុល្លារក្នុង១តោន បានកើនឡើង០.៤១% បើធៀបនិងខែមុនកន្លងផងដែរ៕