កម្ពុជា-កូរ៉េខាងត្បូង ចុះហត្ថលេខាលើឯកសារចំនួន៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2019 ក+ ក-

កូរ៉េ ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េបាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ទាំងពីរ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការចុះហត្ថលេខានេះ បានធ្វើដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​រដ្ឋមន្ត្រីការបរទេសកូរេខាងត្បូងលោកស្រី កាង គីយុងវ៉ា ក្នុង​ឱកាស​ដែល​គណៈ​ប្រតិភូ​នៃ​ប្រទេស​កម្ពុជាកំពុងចូលរួមឱកាសនៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃ​ទំនាក់​ទំនង​អាស៊ាន-កូរ៉េ។

ឯកសារសំខាន់ៗទាំង៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកនោះ រួមមាន៖

១. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេច វេសពន្ធ និងការចៀសវាងពន្ធ។

២. សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

៣. អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។

៤. អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យបច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន។

៥. សេចក្តីថ្លែងការណ៍រួមស្តីពីការ ចាប់ផ្តើមការសិក្សារួមគ្នាលើ លទ្ធភាព​បង្កើត​កិច្ច​ព្រម​ពាណិជ្ជកម្ម​សេរី​កម្ពុជា-សាធារណរដ្ឋកូរ៉េ។

សូមជម្រាប​ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ដឹក​​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សា​ធារណ​រដ្ឋ​កូរ៉េលើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាម​ការអញ្ជើញរបស់លោក មូន ចែអ៊ីន(Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ៕