បន្លំ​លួច​លុយ​ក្រុមហ៊ុន​ជាង​២០​ដង ​លើក​ក្រោយ​លួច​ទៀត​ត្រូវ​សមត្ថកិច្ច​ក្របួច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2019 ក+ ក-

ខេត្តកណ្ដាល​ ៖​ ក្មេង​ស្រី​សង្ស័យ​ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ម្នាក់​ បាន​បន្លំ​លួច​លុយ​របស់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​ ជាង​២០​ដង​ ខណៈ​កំពុង​រាប់​លុយ​ស៊ីសង​ក្នុង​កាស៊ីណូ​ ដោយ​គិត​ថា​គ្មាន​នរណា​ដឹង​ លើក​ក្រោយ​មិន​រាង​ធ្វើ​សកម្មភាព​លួច​ទៀត​ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ដឹង​ ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង​ ។​ ករណី​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤ ​និង​៣០​នាទី​ ត្រង់​ចំណុច​សង្វៀន​ជល់​មាន់​របស់​ ក្រុមហ៊ុន​កាស៊ីណូ​ ហ្គ្រេ​ន​ដ្រា​ហ្គ​ន​រី​សត​ ស្ថិត​នៅ​ក្នុង​ ភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​សង្ស័យ​ឈ្មោះ​ ស​ ស្រី​ល័​ក្ខ​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ ហ្គ្រេ​ន​ដ្រា​ហ្គ​ន​រី​សត​ មាន​ទីលំនៅ​ ភូមិ​កោះទៀវ​(​ក​)​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​ ចំណែក​ជន​រង​គ្រោះ​តំណាង​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ​ ធុន​ វាសនា​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សន្តិសុខ​ក្រុមហ៊ុន​ហ្គា​វ៉ូ​ដា​ មាន​ទីលំនៅ​ភូមិ​រកា​រលើ​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

ចំណែកឯ​សម្ភារៈ​បាត់បង់​គឺ​ ប្រាក់​ប្រមាណ​ជាង​ ៧,៤៥០​ដុល្លារ​សហរដ្ឋអាមេរិក​ និង​វត្ថុ​តាង​ដកហូត​បាន​មក​វិញ​រួម​មាន​៖​ ទូរស័ព្ទ​ដៃ​ចំនួន​ ២​គ្រឿង​ ,​លោហៈធាតុ​ពណ៌​លឿង​ មាន​បណ្តោង​ដាំ​ត្បូង​ពណ៌​ស​ ១​ខ្សែរ​ ,​លោហៈធាតុ​ពណ៌​លឿង​ ១​ខ្សែ និង​ចិញ្ចៀន​ ២​វង់​ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕