សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចូលជួបសម្តែងការគួរសម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2019 ក+ ក-

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នា បានអនុញ្ញាតឱ្យ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩ នេះ។

នៅក្នុងជំនួបនេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះវត្តមានលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ តាមរយៈបេសកកម្មការទូតនៅកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា សង្ឃឹមថា លោកជំទាវ នឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា និងសហភាពអឺរ៉ុបកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនកម្ពុជា និងប្រជាជននៃសហភាពអឺរ៉ុប ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ក្នុងឱកាសនោះ លោកជំទាវ Carmen Moreno បានសម្តែងនូវសេចក្តីរីករាយកដោយមើលឃើញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សគួឱ្យកត់សម្គាល់។តាមរយៈការរីកចម្រើននេះប្រទេសកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនដែលកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកជំទាវបានកោតសរសើរ ចំពោះការកំណែទម្រង់ជាច្រើន និងទទួលបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោកជំទាវបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា នឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភាជាមួយនឹងសហភាពអ៊ឺរ៉ុបឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប បានភ្ជាប់ទំនាក់ទំនងការទូតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៤។ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតមក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះសហភាពអ៊ឺរ៉ុប ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណង លើផែនការអភិវឌ្ឍ យុទ្ធសាស្រ្តជាតិ វិស័យសេដ្ឋកិច្ច សង្គម សម្របសម្រួលពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល និងវិស័យជាច្រើនទៀត៕