វៀតណាមកាត់ទោសអ្នកលេង Facebook ម្នាក់ដាក់គុករយៈពេល៦ឆ្នាំ ករណីចែកចាយព័ត៌មានញុះញង់ប្រឆាំងរដ្ឋាភិបាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2019 ក+ ក-

ហាណូយ ៖ តុលាការមួយនៅប្រទេសវៀតណាមកាលពីថ្ងៃអង្គារម្សិលមិញបានកាត់ទោសអ្នកប្រើប្រាស់ Facebook ម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ដោយសារការបង្ហោះ និង Live Facebook ចែកចាយព័ត៌មានមិនពិតជាបន្តបន្ទាប់នៅលើប្រព័ន្ធទំនាក់ទំនងសង្គម ដែលរដ្ឋាភិបាល វៀតណាមចាត់ទុកថា ជាការប្រឆាំងនឹងរដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មាន CGTN។

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ Nguyen Chi Vung អាយុ៣៨ឆ្នាំ ពីបទបង្កើត និងធ្វើឲ្យរីករាលដាលនូវព័ត៌មានប្រឆាំងរដ្ឋាភិបាល ដោយតុលាការរបស់ប្រជាជននៅខេត្ត Bac Lieu។

ដោយឡែកតុលាការបានបញ្ជាក់ថា ជនជាប់ទោស Nguyen Chi Vung បានផ្សាយផ្ទាល់ (Livestream) ចំនួន៣៣លើក លើប្រព័ន្ធ Facebook ដើម្បីចែករំលែក ព័ត៌មានមិនពិត និងជំរុញឲ្យប្រជាជន ចូលរួមក្នុងការតវ៉ាអំឡុងពេលបុណ្យជាតិ។

ទោះបីជាកំពុងធ្វើការកែទម្រង់សេដ្ឋកិច្ចទាំងស្រុង និងកំពុងបើកការផ្លាស់ប្តូរចំពោះការផ្លាស់ប្តូរសង្គម បក្សកុម្មុយនីស្តវៀតណាម នៅតែបន្តរឹងបន្តឹងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងមិនអត់ទ្រាំចំពោះការរិះគន់នោះទេ ហើយការបង្ក្រាបប្រឆាំងរបស់រដ្ឋាភិបាល បានបង្ហាញនូវសញ្ញាកាន់តែខ្លាំងឡើងនាពេលថ្មីៗនេះ៕