គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅអាល់បានី ស្លាប់មនុស្ស២៦នាក់ និង៦៥០នាក់របួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2019 ក+ ក-

អាល់បានី ៖ អាជ្ញាធរនៃប្រទេសអាល់បានីបានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ ដែលបានវាយប្រហារលើរដ្ឋធានី Tirana និងទីក្រុង Durres កាលពីថ្ងៃអង្គារបានកើនដល់២៦នាក់ហើយ និងជាង៦៥០នាក់រងរបួស។ នេះបើតាមសារព័ត៌មាន BBC ។

បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) គ្រោះរញ្ជួយដីនេះមានជម្រៅទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំងមានចំណុចរញ្ជួយស្ថិតនៅចំងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី Tirana។ ម្យ៉ាងវិញទៀត គិតមកទល់នឹងពេលនេះ មនុស្សច្រើនជាង៤០នាក់ ត្រូវបានគេទាញចេញពីគំនរអគារបាក់បែក រីឯក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការ របស់ពួកគេ ខណៈរដ្ឋាភិបាលប្រកាសកាន់ទុក្ខចំនួនមួយថ្ងៃ នៅថ្ងៃពុធនេះ។

គ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើ បានកើតឡើងជាលើកទី២នៅក្នុងប្រទេសអាល់បានី នារយៈពេល ២ខែមកនេះ ដោយកាលពីថ្ងៃទី២១ ខែកញ្ញា គ្រោះរញ្ជួយដី៥.៦រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារលើប្រទេសក្នុងតំបន់ បាល់កង់នេះផងដែរ ជាមួយការបំផ្លាញ និងធ្វើឱ្យខូចខាតផ្ទះជាង៥០០ខ្នង៕