កម្ពុជាឡើងឈរកំពូលតារាងពូល A បណ្តោះអាសន្ន ក្រោយលត់ទីម័រ ៥-០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2019 ក+ ក-

បាល់ទាត ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជាបានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។

៥គ្រាប់ដ៏សំខាន់នេះដែរបានជួយឲ្យក្រុម​កម្ពុជា​យក​បាន៣​ពិន្ទុ​ឡើងឈរលេខ១ ក្នុងពូលបណ្ដោះអាសន្ន (លេង២ ប្រកួត ស្មើ១ ឈ្នះ១ មាន៤ពិន្ទុ)។

១ គ្រាប់ដំបូងរកបានដោយ ស៊ីន កក្កដា(នាទី ៧) ចំណែក ៤ គ្រាប់ទៀតត្រូវចាំដល់តង់ទី ២ នាទី ៧០ ទើបរកបានដោយ រឹង ប៊ុនហៀង (ទើបនឹងដូរចូល) រំលងបាន ៥ នាទីក្រោយ សៀង ចន្ធា ដូរចូលដែរហើយក៏រកបាន ១ គ្រាប់នាទី ៧៧។ នាទី ៨២ កែវ សុខផេង ដែលបញ្ជូនឲ្យគេច្រើនគ្រាប់ក៏រកបាន ១ ដែរ បន្តដល់នាទី ៩១ គ្រាប់ទី ៥ ស៊ុតបានដោយរឹង ប៊ុនហៀង ចប់ការប្រកួត។

សម្រាប់ប្រកួត​បន្ទាប់​ទៀត​កម្ពុជា ​ប៉ះសុទ្ធ​តែ​ក្រុម​ខ្លាំង​មាន ​មីយ៉ាន់ម៉ា ​និង​ម៉ាឡេស៊ី។ ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៩​ នេះ​ក្រុម​កម្ពុជា ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ​និង​ទីម័រ។ ​ក្រុម​ក្នុង​ពូល ​លេខ​ ១​ និង​លេខ​២ ​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕