សាលាក្តីខ្មែរក្រហមបញ្ចប់សវនាការបីថ្ងៃក្នុងសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2019 ក+ ក-

ភ្នំពេញ ៖ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការម្ពុជា នៅថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ ២០១៩ នេះ បានបញ្ចប់សវនាការរយៈពេល៣ថ្ងៃ នៅក្នុងសំណុំរឿង០០៣ ប្រឆាំងនឹងឈ្មោះ មាស មុត។  លោក មាស មុត បានផ្តល់ជូនអង្គបុរេជំនុំជម្រះនូវលិខិតបញ្ជាក់សុខភាពដែលបញ្ជាក់ថា ដោយសារ មូលហេតុវ័យចំណាស់ និងសុខភាពខ្សោយ គាត់មិនមានកាយសម្បទា គ្រាប់គ្រាន់នឹងចូលរួម សវនាការ ឡើយ។

សហព្រះរាជអាជ្ញាអន្តរជាតិ សហព្រះរាជអាជ្ញារងជាតិ និងសហមេធាវីការពារក្តីជាតិ-អន្តរជាតិ បានបង្ហាញទឡ្ហីករណ៍របស់ខ្លួននៅក្នុងសំណុំរឿងនេះ។ អង្គបុរេជំនុំជម្រះបានសម្រេច តាមការស្នើ សុំ របស់ មាស មុត ដោយមាស មុត បានផ្តល់ជូនអង្គបុរេជំនុំជម្រះនូវលិខិតបញ្ជាក់ សុខភាពដែល បញ្ជាក់ថា ដោយសារមូលហេតុវ័យចំណាស់ និងសុខភាពខ្សោយ គាត់មិនមានកាយសម្បទា គ្រប់ គ្រាន់នឹងចូលរួមសវនាការឡើយ។ គាត់មានសហមេធាវីតំណា ងគាត់នៅក្នុងសវនាការនេះ។

អង្គបុរេជំនុំជម្រះបានទទួលបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាជាតិ និង សហមេធាវី ការ ពារក្តីអោយ មាស មុត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ និង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ជាបន្តបន្ទាប់ ប្រឆាំងនឹងដីកាដំណោះស្រាយ ដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៣ និងបណ្តឹងឧទ្ធរណ៍ដាក់ដោយសហ ព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់ មាស មុត ដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ ក្នុងសំណុំរឿង ០០៣។

អង្គបុរេជំនុំជម្រះ នឹងធ្វើការសម្រេចថាតើ មាស មុត ត្រូវតាមលក្ខខណ្ឌតម្រូវ នៃយុត្តាធិការរបស់ តុលាការដែរឬអត់ និងថាតើមានបទចោទគ្រប់គ្រាន់ ដើម្បីបញ្ជូនគាត់ទៅជំនុំជម្រះ ចំពោះឧក្រិដ្ឋកម្ម តាមការចោទប្រកាន់ ឬ ការចោទប្រកាន់ប្រឆាំងនឹងគាត់នឹងត្រូវលើកលែងចោទ។ សម្រាប់ពេល ឥឡូវនេះ អង្គបុរេជំនុំជម្រះ នឹងធ្វើការពិចារណាដើម្បីចេញសាលដីកាសម្រេច។សាលដីកាសម្រេច នេះគឺជាសាលដីកាស្ថាពរ មិនមានបណ្តឹងឧទ្ធរណ៍បន្ថែមទៀតទេ៕