លោក Trump និង​លោក Macron ឈ្លោះប្រកែក​គ្នា​ជុំវិញ​អនាគត​របស់​ណា​តូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2019 ក+ ក-

អាមេរិក ៖ កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក Emmanuel Macron បាន​ឈ្លោះប្រកែក​គ្នា​ជុំវិញ​អនាគត​របស់​អង្គការ​ណា​តូ​ ខណៈ​មេដឹកនាំ​បារាំង​បាន​វាយប្រហារ​ប្រទេស​តួកគី និង​បានទាមទារ​ឲ្យ​សម្ព័ន្ធភាព​នេះ​ពិចារណា​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន​។

​ការឈ្លោះប្រកែក​គ្នា​៣​ភាគី​បាន​គ្របដណ្តប់​លើ​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​ខួប​លើក​ទី​៧០​របស់​សម្ព័ន្ធភាព​មួយ​នេះ​នៅ​ទីក្រុង​ឡុង​ដ៍​ដោយបាន​គំរាមកំហែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ហាញ​ពី​ការ​ឯកភាពគ្នា​ស្របពេល​ប្រឈមមុខ​នឹង​ប្រទេស​រុស្ស៊ី ​និង​ចិន​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ លោក Macron បាន​ព្យាយាម​ផ្លាស់ប្តូរ​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​ដោយ​ទាមទារ​ឲ្យ​ពិនិត្យឡើងវិញ​នូវ​យុទ្ធសាស្ត្រ​របស់​អង្គការ​ណា​តូ​ប៉ុន្តែ​លោក Trump បាន​វាយបក​ទៅវិញ​បន្ទាប់ពី​បាន​អួតអាង​ថា លោក​គឺជា​អ្នក​បង្ខំ​ឲ្យ​សមាជិក​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​។​

​លោក Trump បាន​លើកឡើងថា “​ខ្ញុំ​គិតថា​នេះ​គឺជា​ការប្រមាថ​យ៉ាងខ្លាំង​”​។ លោក​និយាយ​បែបនេះ​ដោយ​សំដៅ​ទៅលើ​ការអះអាង​របស់លោក Macron កាលពី​ខែ​មុន​ដែលថា អង្គការ​ណា​តូ​មិនចេះ​ពិចារណា​ហើយ​គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ទៅលើ​ក្រុម​ភេរវ​ករ​ឥស្លាម​និង​បើក​ការសន្ទនា​ជា​យុទ្ធសាស្ត្រ​ឡើងវិញ​ជាមួយ​ប្រទេស​រុស្ស៊ី​។​លោក​បាន​ព្រមាន​ថា “​គ្មាន​ប្រទេស​ណា​ត្រូវការ​ណា​តូ​ជាង​ប្រទេស​បារាំង​នោះទេ​។ វា​ជា​សេចក្តី​ថ្លែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ពួកគេ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយមក​លោក Trump បាន​បន្ទន់​វោហា​សាស្ត្រ​របស់លោក​នៅក្នុង​កា​រ​បង្ហាញខ្លួន​រួមគ្នា​ជាមួយ​លោក Macron ប៉ុន្តែ​មេដឹកនាំ​បារាំង​បានបង្ហាញ​សេចក្តីថ្លែងការណ៍​របស់​លោក​ហើយ​បាន​ចោទប្រកាន់​ប្រទេស​ទួរគី​ថា បានធ្វើការ​ជាមួយ​ក្រុម​ជ្រុលនិយម​នៅក្នុង​ប្រទេស​ស៊ី​រី​។​ លោក​បាន​កត់សម្គាល់ថា ប្រទេស​ទួរគី​បាន​វាយប្រហារ​ទៅលើ​កងជីវពល​ឃើ​ដដែល​បាន​គាំទ្រ​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​ហើយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ថា​បានធ្វើការ​ជាមួយ​បក្សពួក​ក្រុម ISIS៕