ព្យុះ​ទី​ហ្វុ​ង​នៅ​ហ្វីលីពីន​ឆក់យក​ជីវិត​មនុស្ស​កើន​ដល់​១០​នាក់​ ​ខណៈជាង​៣​សែន​នាក់​ត្រូវជម្លៀស​ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2019 ក+ ក-

​ម៉ានីល ៖ ព្យុះ​ទី​ហ្វុ​ង​កំណាច​កាំ​មួ​រិ (Kammuri) វាយប្រហារ​ភាគ​កណ្តាល និង​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន និង​បាន​ស្លាប់​មនុស្ស​កើន​ដល់​ដល់​១០​នាក់​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ ខណៈ​ជាង​៣.៤​សែន​នាក់​នៅតែ​ស្ថិតក្នុង​ការជម្លៀស​ខ្លួន​ដដែល​។​

​អាជ្ញាធរ​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង ៣៤០,០០០​នាក់ បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​ក្នុង​តំបន់ Bicol ហើយ​កំពុង​ជ្រកកោន​នៅតាម​មជ្ឈមណ្ឌល​សុវត្ថិភាព ។  ​ទីភ្នាក់ងារ​ឧតុនិយម​បាន​ឲ្យ​ដឹង​ព្យុះ​បាន​នាំយកមក​ជាមួយ​នូវ​ខ្យល់​បោកបក់​ល្បឿន​ចន្លោះ ១៥០-២០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​បាន​បង្ក​ការខូចខាត​ដល់​លំនៅឋាន និង​សំណង់​អគារ​មួយចំនួន ព្រមទាំង​ធ្វើ​ឲ្យ​ដើមឈើ បង្គោល​ភ្លើង​រួមជាមួយ​ផ្ទាំង​បដា​ជាច្រើន​ដួលរលំ​ថែមទៀត​។ អាជ្ញាធរ​ក៏បាន​ព្រមាន​ដែរ​ថា នឹង​អាចមាន​មនុស្ស​បន្ថែមទៀត​បាត់បង់​ជីវិត​។​

​គួរ​បញ្ជាក់ថា ការវាយប្រហារ​របស់​ព្យុះ​ទី​ហ្វុ​ង​ខាងលើ កើតមានឡើង​ចំពេល​ដែល​ហ្វីលីពីន​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Game) ដែល​ត្រូវ​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃទី​១១ ខែធ្នូ នៅ​ទីក្រុង​ម៉ានីល​៕