គ្រូបង្វឹក​កម្ពុជា ដាក់​គោលដៅ​យក​មេដាយមាស​នៅ​ស៊ី​ហ្គេម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2019 ក+ ក-

បាល់ទាត់ ៖ ក្រោយពេល​ក្រុម U22 កម្ពុជា បាន​បំបាក់ U22 ម៉ាឡេស៊ី ៣-១ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន កាលពី​ល្ងាច​មិញ​លោក Felix G.Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ U22 កម្ពុជា បាន​ប្រាប់​កូនក្រុម​ត្រូវ​ត្រៀមខ្លួន​ឲ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​ប្រជែង​មេដាយមាស​ជូន​ជាតិ​។​

​លោក Felix បាន​និយាយថា «​ថ្ងៃនេះ​យើង​ពិតជា​ធ្វើបាន​អ​សា្ច​រ្យ ហើយ​ខ្ញុំ​ជឿជាក់​លើ​ពួកយើង​ទាំងអស់គ្នា​តាំងពីដើម ខ្ញុំ​មាន​ទំនុកចិត្ត​លើ​កីឡាករ​ទាំង ២០​នាក់​។ ឥឡូវ​យើង​ធ្វើបាន​មួយ​ដំណាក់កាល​ហើយ ដូច្នេះ​យើង​ត្រូវ​ត្រៀម​វគ្គ​បន្ដ​ក្នុងការ​ឆ្ពោះទៅរក​មេដាយ ហើយ​យើង​អត់​មាន​គិត​រឿង​លេខ​៣ អី​ទេ គឺ​យើង​គិត​រឿង​ពាន យើង​ដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​សិន​»​។​

​លោក​ថា «​ឥឡូវ​បេសកកម្ម​របស់​យើង មិនទាន់​ចប់​ទេ យើង​ត្រូវ​ថែរក្សា​រៀងកាយ​របស់​យើង វា​មិន​បញ្ហា​រឿង​លទ្ធផល​ទេ បញ្ហា​គឺ​យើង​ត្រូវការ​រីកចម្រើន​បន្ដទៀត យើង​រីកចម្រើន​ហើយ ការប្រកួត​បន្ទាប់ យើង​កាន់តែ​ល្អ​ជាងនេះទៀត​»៕