រលំអគារ និងផ្ទុះបំពង់ឧស្ម័ននៅភាគខាងត្បូងប៉ូឡូញឆក់យកជីវិតមនុស្ស៨នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2019 ក+ ក-

ប៉ូឡូញ ៖ អាជ្ញាធរបាននិយាយថា យ៉ាងហចោណាស់មនុស្សចំនួន៨នាក់ ក្នុងនោះមានកុមារ៤នាក់បានបាត់បង់ជីវិត នៅពេលអគារកម្ពស់៣ជាន់មួយខ្នងបានដួលរំលំ នៅក្រុង Szczyrk ភាគខាងត្បូង ប្រទេសប៉ូឡូញ។

បើតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរបានឲ្យដឹងថា ហេតុការណ៍ស្រុតអគារខាងលើបានកើតឡើងកាលពីយប់ថ្ងៃពុធ បន្ទាប់ពីមាន ការផ្ទុះបំពង់ឧស្ម័ននៅទីនោះ ខណៈអគារបានរលំអំឡុងម៉ោង០៦ និង៣០នាទីយប់ថ្ងៃពុធ។ សាកសពជនរងគ្រោះ២នាក់ចុងក្រោយ ក្នុងចំណោម៨នាក់ ទើបត្រូវបានរកឃើញនៅរសៀលថ្ងៃព្រហស្បតិ៍ ក្រោយប្រតិបត្តិការជួយសង្រ្គោះដែលបានប្រព្រឹត្តយ៉ាងសស្រាក់សស្រាំ ក្រោមការចូលរួមពីក្រុមភ្នាក់ងារពន្លត់អគ្គីភ័យជាង១០០នាក់។

អាជ្ញាធរប៉ូឡូញបាននិយាយថា ពុំមានជនរងគ្រោះណាផ្សេងៗ ក្រៅពីជនរងគ្រោះទាំង០៨នាក់ខាងលើឡើយ ដូច្នេះប្រតិបត្តិការ រុករកនិងជួយសង្រ្គោះមិនបន្តទៀតទេ។ បន្ទាប់ពីមានហេតុការណ៍នេះ ការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់កើតហេតុ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ការិយាល័យរដ្ឋអាជ្ញាប៉ូឡូញ បានបើកការស៊ើបអង្កេតជុំវិញករណីសោកនាដកម្មនេះ ខណៈសាកសពនឹងត្រូវឆ្លងកាត់ ការធ្វើកោសល្យវិច្ច័យ៕