Update ៖ យន្តហោះឈីលីដែលបាត់ដំណឹងជាមួយមនុស្ស៣៨នាក់ បានធ្លាក់ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2019 ក+ ក-

ឈីលី ៖ យោធាប្រទេសឈីលីបានបញ្ជាក់ថា យន្តហោះយោធាមួយគ្រឿងរបស់កងទ័ពអាកាសឈីលី ដែលមានផ្ទុកមនុស្សចំនួន៣៨នាក់ បានដាច់ការទាក់ទង អំឡុងពេលធ្វើដំណើរឆ្ពោះទៅកាន់ទ្វីបអង់តាក់ទិចនៃប៉ូលខាងត្បូងរបស់ភពផែនដីបានធ្លាក់បាត់ហើយ។ នេះបើតាមសារព័ត៌មាន Sputnik។

យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឈីលី យន្តហោះយោធាខាងលើនេះគឺប្រភេទ C-130 បានបាត់ដំណឹងនៅអំឡុងម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ (ម៉ោងនៅអាមេរិកខាងត្បូង) បន្ទាប់ពីបានហោះចាកចេញពីទីក្រុង ផាន់ថា អារ៉េណាស់ (Punta Arenas) ស្ថិតនៅ ភាគខាងត្បូងប្រទេសឈីលី។ ខណៈយោធាបានបញ្ជាក់ថា យន្តហោះនោះបានធ្លាក់បាត់ទៅហើយ ជោគវាសនារបស់មនុស្សទាំង៣៨នាក់ មិនទាន់អាចដឹងច្បាស់នៅឡើយទេ។

ក្នុងចំណោមអ្នកជិះទាំង៣៨នាក់នៅលើយន្តហោះយោធាខាងលើ គឺមាន១៧នាក់ជាសហសេវិក និង២១នាក់ជាអ្នកដំណើរ ហើយវាមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ។ អាជ្ញាធរឈីលីអះអាងថា ពេលនេះប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ៕