ត្រាំ ព្រមាន​រុស្ស៊ី​កុំ​ឲ្យ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

​អាមេរិក ៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​ប្រធានាធិបតី Donald Trump បាន​ព្រមាន​ទីក្រុង​មូ​ស្គូ​កុំ​ឲ្យ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ឆ្នាំក្រោយ ​ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រ​សួងការបរទេស​រុស្ស៊ី​បាន​ច្រានចោល​បញ្ហា​នេះ​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​នៅ​ថ្ងៃ​ដែល​ក្រុម​អ្នកប្រជាធិបតេយ្យ​បានបង្ហាញ​ការចោទប្រកាន់​ប្រឆាំង​លោក Trump ពាក់ព័ន្ធ​នឹង​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​, រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ជួប​លោក Trump នៅ​សេត​វិមាន​បន្ទាប់ពី​និយាយថា លោក​ស្វែងរក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​សេត​វិមាន​បាន​និយាយថា លោក Trump បាន​ព្រមាន​ប្រឆាំងនឹង​ការប៉ុនប៉ង​ណាមួយ​របស់​រុស្ស៊ី​ដើម្បី​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​សហរដ្ឋអាមេរិក​និង​បាន​ជំរុញ​ឲ្យ​រុស្ស៊ី​ដោះស្រាយ​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន​។ ការ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​បានរ​ក​ឃើញថា ប្រទេស​រុស្ស៊ី​បានរៀបចំ​បណ្តាញ​សង្គម​ដើម្បី​បង្វែរ​ការបោះឆ្នោត​ឆ្នាំ​២០១៦​ឲ្យ​ទៅ​គាំទ្រ​លោក Trump​។​

​ប្រធានាធិបតី​រូបនេះ​បាន​បញ្ចេញ​ទ្រឹស្តី​មួយទៀត​ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ដោយ​ចារកម្ម​អាមេរិក​ដែល​លោក​និយាយថា ការពិត​គូប្រជែង​អ៊ុយ​ក្រែ​ន​ឯណោះ​ទេ​ដែល​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​។ អំឡុង​ស​ន្និសិទ​កាសែត​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo, លោក Lavrov បានលើកឡើង​អំពី​គំនិត​ពាក់ព័ន្ធ​នឹង​ផែនការ​អ៊ុយ​ក្រែ​ន​នេះ​ដោយ​និយាយថា វា​បង្ហាញ​ពី​ភាពមិន​សម​ហេតុផល​ទាល់តែសោះ​នៃ​ការចោទប្រកាន់​ប្រឆាំងនឹង​យើង​។​

​គួរ​បញ្ជាក់ថា លោក Trump កំពុង​ប្រឈមមុខ​នឹង​ការប្តឹង​ទម្លាក់​តំណែង​បន្ទាប់ពី​សេត​វិមាន​បាន​ពន្យារ​ជំនួយ​ជា​ទឹកប្រាក់​ជិត​៤០០​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​ខណៈ​លោក​បាន​ជំរុញ​ឲ្យ​ទីក្រុង​គៀវ​ស៊ើបអង្កេត​ការបោះឆ្នោត​និង​ទម្លាយ​ព័ត៌មាន​កខ្វក់​អំពី​គូប្រជែង​ក្នុងស្រុក​របស់លោក​គឺ​លោក Joe Biden៕