អាមេរិក​ព្រមាន​កូរ៉េខាងជើង​អំពី​ផលវិបាក​បន្ថែមទៀត បើ​ហ៊ាន​ធ្វើតេស្ត​អាវុធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2019 ក+ ក-

អាមេរិក ៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធម្សិលមិញបានព្រមានកូរ៉េខាងជើងអំពីផលវិបាកនានា ដែលប្រទេសមួយនេះនឹងត្រូវជួបប្រទះ ប្រសិនបើហ៊ានបង្កការគំរាមកំហែង ដោយការសាកល្បងអាវុធថ្មីៗនៅក្នុងថ្ងៃឆ្លងឆ្នាំ ហើយភាពប្រែប្រួលនឹងអាចកើតឡើង ប្រសិនបើប្រទេសទាំងពីរនៅបន្តអង្គុយចរចាគ្នា។ នេះបើតាមសារព័ត៌មាន CNA។

​ដោយសារ​ការខកចិត្ត​មិន​បន្ធូរបន្ថយ​ទណ្ឌកម្ម​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ចំនួន ៣​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ប្រទេស​កូរ៉េខាងជើង​បាន​ប្តេជ្ញា​ថា នឹង​ការធ្វើ​តេស្ត​អាវុធ​ជាថ្មី ដើម្បី​ជា​អំណោយ​ក្នុង​ថ្ងៃបុណ្យ​ណូអែល ប្រសិនបើ​អាមេរិក​មិន​ចេញ​ការ​សម្បទាន​នៅ​ចុងឆ្នាំ​នេះនោះ​ទេ​។​

​ការព្រមាន​របស់​អាមេរិក​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អគ្គរដ្ឋទូត​អាមេរិក ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Kelly Craft ចំពោះ​ការព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​សកម្មភាព និង​ការគំរាមកំហែង​ជាថ្មី​ពី​សំណាក់​រដ្ឋ​ផ្តាច់ការ​មួយ​នេះ​។​

​លោកស្រី​បាន​និយាយថា​“ យើង​ជឿជាក់ថា​កូរ៉េខាងជើង​នឹង​ងាក​ចេញពី​ភាព​ប្រទូសរ៉ាយ​និង​ការគំរាមកំហែង​នេះ ហើយនឹង​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ម៉ឺងម៉ាត់​ដើម្បី​ចូល​តុ​ចរចា​” ៕