អាជ្ញាធរ​ឈី​លី ៖ មនុស្ស​ទាំង​៣៨​នាក់​ស្លាប់​ទាំងអស់ ករនីធ្លាក់​យន្តហោះ​យោធា C-130
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2019 ក+ ក-

ឈី​លី ៖ អាជ្ញាធរ​ឈី​លី​បាន​រកឃើញ​កម្ទេចកម្ទី​និង​សាល​សព​មនុស្ស​ពី​យន្ដហោះ​យោធា​ដែល​ដឹក​មនុស្ស​៣៨​នាក់​ដែល​បាន​បាត់​ខ្លួន​ពេលធ្វើ​ដំណើរ​ឆ្ពោះទៅ​អង់តាក់ទិក​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ ហើយបញ្ជាក់ថា យន្តហោះនេះធ្លាក់ក្នុងសមុទ្រទឹកកក។​ នេះ​បើ​យោងតាម​ប្រភពពី CGTN ។​

​មេបញ្ជាការ​ទ័ពអាកាស​ឈី​លី​លោក Arturo Merino) បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង Punta Arenas នៃ​ភាគខាងត្បូង​ប្រទេស​ថា «​ស្ថានភាព​នៃ​បំណែក​យន្តហោះ​ដែល​ត្រូវបាន​រកឃើញ​នោះ ជាការ​បញ្ជាក់​យ៉ាងច្បាស់​ថា មិនអាច​ទៅរួច​នោះទេ​ដែល​អាចមាន​មនុស្ស នៅរស់​ក្នុង​ឧ​ប្ប​ដិ​ហេតុនេះ​…»​។​

​យន្តហោះ C-130 Hercules បាន​ដឹក​មនុស្ស​ចំនួន ៣៨ នាក់​បាន​បាត់​ដំណឹង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ បន្ទាប់ពី​បាន​ហោះ​ចាក​ចេញពី​ទីក្រុង Punta Arenas​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ឈី​លី ឆ្ពោះទៅ​មូលដ្ឋាន​ឈរជើង Presidente Eduardo Frei Montalva ក្នុង​ទ្វីប​តំបន់​Antarctic​។​

​ក្រុមមន្ត្រី​បាន​បាត់បង់​ការទាក់ទង​ប្រហែល​មួយ​ម៉ោង​បន្ទាប់ពី​វា​បានចាប់ផ្តើម​ហោះ​ចាកចេញ​។ កម្ទេចកម្ទី​បំណែក​យន្តហោះ​ត្រូវបាន​គេ​មើលឃើញ​ជា​លើកដំបូង​កាលពី​ថ្ងៃ​ពុធ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ចំណុច​ចុងក្រោយ​នៃ​ការទាក់ទង​។​

​រហូតមកដល់​ពេលនេះ​អ្នកស្វែងរក​បាន​រកឃើញ​កង់​ចុះចត​សម្ភារៈ​ពី​ធុង​ឥន្ធនៈ​ និង​ផ្នែក​ខ្លះ​នៃ​ជញ្ជាំង​យន្តហោះ​។​ពួកគេ​ក៏បាន​រកឃើញ​កាបូបស្ពាយ​និង​ស្បែកជើង​ផងដែរ​។​

​អាជ្ញាធរ​បាន​និយាយថា​ សាកសព​មនុស្ស​ដំបូង​នឹង​ទៅដល់​ឆ្នេរ​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​អាជ្ញាធរ​នឹង​ប្រើ​តេស្ត​ឌី​អិន​អេ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​៕