លោកស្រី ស៊ូ​ជី ព្រមានថា វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នឹង​ផ្ទុះឡើង​ជាថ្មី បើ ICJ នៅតែបន្តសំណុំ​រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2019 ក+ ក-

មី​យ៉ាន់​ម៉ា ៖ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ទទូច​ដល់​ចៅក្រម​នៃ​តុលាការ​អង្គការសហប្រជាជាតិ (UN) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ឲ្យ ទម្លាក់ចោល​ការចោទប្រកាន់​ករណី​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​លោកស្រី​បាន​ព្រមាន​ថា វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នឹង​ផ្ទុះឡើង​ជាថ្មី បើ​សំណុំ​រឿងនេះ​នៅតែ​បន្ត​ដំណើរការ​ទៅមុខ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA។​

​កំឡុង​ផ្ដល់​សក្ខីកម្ម​ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ បន្ទាប់ពី​បាន​ចូលរួម​សវនាការ​ស្ដាប់ រយៈពេល​បី​ថ្ងៃ​នៅឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ មេដឹកនាំ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​បានចេញ​ការព្រមាន​ថា ការអនុញ្ញាតឱ្យ​បណ្ដឹង​របស់​ប្រទេស​ហ្គាំ​ប៊ី​ប្រឆាំង​មី​យ៉ាន់​ម៉ា ពីបទ​ប្រល័យពូជសាសន៍ ដំណើរការ​ទៅមុខ​តទៅទៀត អាច​នឹង​បង្ក​ឱ្យ​ជម្លោះ​រ៉ូ​ហ៊ីង​យ៉ា​ផ្ទុះឡើង​ជាថ្មី ក៏ដូចជា​បំផ្លាញ​ដល់​ការផ្សះផ្សា​ជាតិ​។​

​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​រយៈពេល​ខ្លី ៦ នាទី​ថា​“​ជំហាន​ដែល​បង្កើត​ការសង្ស័យ​ឬ​បង្កើត​ការ​អាក់អន់ចិត្ត​រវាង​សហគមន៍​ដែល​ទើបតែ​ចាប់​ផ្តើមកសាង​គ្រឹះ​នឹង​ដោយ​ការមិនជឿ​ទុកចិត្ត​អាចធ្វើឱ្យ​អន្តរាយ​ដល់​ការផ្សះផ្សា​ជាតិ​” ។​

​លោក​បាន​សង្កត់ធ្ងន់ថា ការបញ្ចប់​ជម្លោះ​នៅក្នុង​ប្រទេស គឺជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​មី​យ៉ាន់​ម៉ា ប៉ុន្តែ​វារឹតតែ​សំខាន់​ជាងនេះទៅទៀត នោះ​គឺ​ធ្វើយ៉ាងណា​កុំឱ្យ​ជម្លោះ​ប្រដាប់អាវុធ​ឆ្នាំ​២០១៦-២០១៧ នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន (Rakhine) ភាគ​ខាងជើង​នៃ​ប្រទេស​ផ្ទុះឡើង​ជាថ្មី​៕