WBO​ ដកហូត​ខ្សែក្រវាត់​ពី Floyd ​ដែល​ឈ្នះ​ពី Pacquiao
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2015 ក+ ក-

​អា​មេ​រិ​ក៖អ្នក​ប្រដាល់​ដ៏​ល្បីល្បាញ​របស់​អាមេរិក Floyd Mayweather ត្រូវបាន​ស្ថាប័ន​កីឡាប្រដាល់​ពិភពលោក WBO ដកហូតយក​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់​មធ្យម​ដែល​បានឈ្នះ​ពី​កីឡាករ Manny Pacquiao ក្នុងការ​ប្រកួត​កាលពី​ខែឧសភា​កន្លងទៅ ដោយសារ Floyd មិនបាន​គោរព​ទៅតាម​ច្បាប់​របស់​WBO ។​នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​Telegraph របស់​អង់គ្លេស​។​

ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ Telegraph បានសរសេរថា Floyd បាន​ខកខាន​ក្នុងការ​បង់ប្រាក់​ចំនួន​២០០ ០០០​ដុល្លារ​អាមេរិក​សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ Pacquiao កាលពី​ថ្ងៃទី​២ ខែឧសភា នៅ​ទីក្រុង Las Vegas ដែល​កីឡាករ​រូបនេះ​ទទួលបាន​ប្រាក់​យ៉ាងតិច​២០០​លាន​ដុល្លារ​ពី​ការប្រកួត នេះ​។ WBO​បានកំណត់​ឲ្យ Floyd ត្រូវ​បង់ប្រាក់​នោះ​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ច្បាប់​របស់​WBO ក៏​តម្រូវ​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​WBO ត្រូវ​បោះបង់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងទៀត​ផងដែរ​។​

​នាពេល​បច្ចុប្បន្ន Floyd ក៏​ជា​ម្ចាស់​ខ្សែក្រវាត់ WBC​និង​WBA ផងដែរ​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​និង​ទម្ងន់​៦៦​គីឡូក្រាម​។​

WBO បានប្រកាសថា វា​ជាការ​ផ្ទុយ​នឹង​ច្បាប់​សម្រាប់​អ្នក​ប្រដាល់​រូប​ណា​ដែល​គ្រង​តំណែង ជើងឯក​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​ច្រើន​ផ្សេងគ្នា ហើយ Floyd ត្រូវតែ​សម្រេច​ថា​តើ​ទម្ងន់​ណា​ដែល​គាត់​ចង់​រក្សាទុក​។​

​គួរ​បញ្ជាក់ថា ក្នុងការ​ប្រកួត​ប្រចាំ​សតវត្សរ៍​កាលពី​ដើមខែ​ឧសភា Floyd​បាន​យកឈ្នះ​Pacquiao ដោយ​ពិន្ទុ​ឯកច្ឆន្ទ ដែល​ធ្វើ​ឲ្យ​លោក​នៅតែ​អាច​រក្សា​កំណត់ត្រា​មិនដែល​ចាញ់​ដដែល (​ឈ្នះ​ទាំង​៤៨​លើក​និង​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​២៦​លើក​)៕

mktyការប្រកួត​រវាង Floyd និង Pacquiao កាលពីដើម​ខែឧសភា (​រូប​ពី​Wall Street Journal)