គុន​ខ្មែរ និង​ម៉ូតូទឹក នឹង​ប្រកួត​ជា​លក្ខណៈ​​អន្ដរជាតិ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2019 ក+ ក-

ភ្នំពេញ ៖ អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ដោយ​ទទួល​បាន​ការ​អនុញ្ញាតជាថ្មីពីក្រសួងទេសចរណ៍ NOCC បានត្រៀមរៀបចំការប្រកួតកីឡាមហាជន កីឡា​ប្រពៃណី និងកីឡាពាក់កណ្ដាលអាជីពជាច្រើន ដោយ​មាន​ការ​ប្រកួត​កីឡា​ពី​ព្រលឹម ទល់ព្រលប់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត ដែល​នឹង​ចាប់​ផ្ដើម​ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះក៏មានការប្រកួតលក្ខណៈអន្ដរជាតិ ២ប្រភេទ​កីឡា​ផង​ដែរ គឺកីឡាគុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក។

លោក​បន្ត​ថា ចំពោះប្រដាល់គុនខ្មែរអន្ដរជាតិ នឹង​មាន​ការ​ចូល​រួម​ពីកីឡាករ-កីឡាការិនីមកពី ៨ប្រទេសឯណោះ។ ឯកីឡាមហាជនមានដូចជាការរត់កម្សាន្ដ និង​ជិះ​កង់​ជាដើម។ ហើយ​កីឡាប្រពៃណី គឺមានការប្រកួតអុកចត្រង្គ ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​ទូទាំង​ប្រទេស។ មិនតែប៉ុណ្ណោះ ក៏មានការប្រកួតបុរសខ្លាំងផងដែរ។

លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ បានបន្ថែមថា សម្រាប់ប្រដាល់គុនខ្មែរអន្ដរជាតិ នឹង​ត្រូវរៀបចំក្រោមស្ដង់ដារមួយ ដែលឆ្លងកាត់ការវាស់ស្ទង់កម្រិតសមត្ថភាពត្រឹមត្រូវ មុននឹងផ្គូរផ្គង់។ កីឡាករ-កីឡាការិនីទាំងអស់មាន ១៩គូ ដែលត្រូវប្រកួតរយៈពេល ៣ថ្ងៃ ហើយក្នុងមួយថ្ងៃ ក៏មាន​គូ​អន្តរជាតិ​យ៉ាង​តិច ២គូ រវាងកីឡាករជើងខ្លាំងកម្ពុជា និងកីឡាករបរទេសទៀតផង។ លោក​រំពឹង​ថា​កម្មវិធីនេះ នឹងក្លាយជាផ្នែកមួយ ធ្វើឲ្យពិធីបុណ្យសមុទ្រកាន់តែទាក់ទាញថែមទៀត៕