លោក ​ Xi Jinping ធ្វើ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​ល្បែង​ម៉ា​កាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2019 ក+ ក-

ម៉ា​កាវ ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ទៅកាន់​មជ្ឈមណ្ឌល​ល្បែង​ម៉ា​កាវ​នៅ​ថ្ងៃ​ពុធ​ដើម្បី​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ការប្រគល់​ទីក្រុង​នេះ​មក​ឲ្យ​ប្រទេស​ចិន​ខណៈ​មានការ​រឹតបន្តឹង​សន្តិសុខ​ហើយ​អ្នកកាសែត​មួយចំនួន​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​ស្របពេល​ការតវ៉ា​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ហុងកុង​ដែល​ស្ថិត​នៅក្បែរនោះ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Xi ទៅកាន់​អតីត​អាណានិគម​ព័រទុយហ្កាល់​មួយ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​រង្វាន់​សម្រាប់​ស្ថេរភាព​និង​ភាពស្មោះត្រង់​របស់​ម៉ា​កាវ​មិន​ដូច​អតីត​អាណានិគម​អង់គ្លេស​គឺ​ទីក្រុង​ហុងកុង​ទេ​ដែល​ត្រូវ​រង្គោះរង្គើ​ដោយ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​អស់រ​យៈ​ពេល​ប្រាំ​មួយខែ​មកហើយ​។​

​លោក Xi ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​អំពី​វិធានការ​នានា​សម្រាប់​ទីក្រុង​ម៉ា​កាវ​ក្នុង​គោលបំណង​ពង្រីក​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​កាស៊ីណូ​របស់ខ្លួន​ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​រួមទាំង​ផ្សារ​ហ៊ុន​ថ្មី​ដែល​គ្របដណ្តប់​ដោយ​ប្រាក់​យ័ន​ផងដែរ​។​

​បណ្តាញ​ផ្សព្វផ្សាយ RTHK បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា អ្នកកាសែត​ហុងកុង​មួយចំនួន​រួមទាំង​អ្នកយកព័ត៌មាន​របស់ RTHK ផងដែរ​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលទៅ​ទីក្រុង​ម៉ា​កាវ​នៅ​សប្តាហ៍​នេះ​ដោយសារ​បញ្ហា​សន្តិសុខ​។​

​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ឲ្យ​ដឹងថា អ្នកកាសែត​ជាច្រើន​នាក់​ទៀត​ត្រូវ​ប្រឈមមុខ​នឹង​ការសួរដេញដោល​យ៉ាងយូរ​ហើយ​ថត​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ​នៅពេល​ពួកគេ​មកដល់​ទីក្រុង​នេះ​។​យ៉ាងណាក្តី រដ្ឋាភិបាល​ម៉ា​កាវ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Xi ដែលជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​យូរ​បំផុត​របស់លោក​ទៅកាន់​ទីក្រុង​ម៉ា​កាវ​គឺ​នឹង​រួមមាន​ទាំង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកតំណាង​ធុរកិច្ច​ក៏ដូចជា​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​មេ​ដឹកនាំ​ម៉ា​កាវ​ថ្មី​លោក Ho Iat-seng នៅ​ថ្ងៃ​សុក្រ​ផងដែរ​។ ទីក្រុង​ម៉ា​កាវ​ត្រូវ​បានប្រគល់​ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង​វិញ​នៅ​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​១៩៩៩​ជាមួយ​រូបមន្ត “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” ដូច​ហុងកុង​ដែរ​ដើម្បី​ការពារ​ស្វ័យភាព​៕