ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញនៅល្ងាចនេះ បានចេញដីកាបញ្ជាឲ្យនគរបាលនាំខ្លួនលោកឧកញ៉ា សុខ ប៊ុន ចូលឆ្លើយបំភ្លឺទាក់ទងករណីប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនី ទូរទស្សន៍ ស៊ីធីអិន កាលពីយប់ថ្ងៃទី២កក្កដាកន្លងមកនេះ។
លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ នេះបានចេញដីកាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃ ក្រសួងមហាផ្ទៃនាំខ្លួនឧកញ៉ា សុខ ប៊ុន ចូលទៅបំភ្លឺពាក់ព័ន្ធនឹងអំពើហិង្សាលើស្ត្រីភេទគឺកញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអិន។
ប្រភពព័ត៌មានពីតុលាការបានឲ្យដឹងថា លោកឧកញ៉ា សុខ ប៊ុន ប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមទាំងអង្គរក្សម្នាក់បានរងបណ្តឹងចោទថា ព្រួតគ្នាប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃទៅលើកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីទូរទស្សន៍ ស៊ីធីអិន កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងក្លឹប ឡាហ្គេនបា ស្ថិតនៅសង្កាត់ទន្លេសាបាក់ ខណ្ឌចំការមន។
តាមរយៈវីដេអូឃ្លីបមានរយៈពេលជាង១នាទីដែលទើបបែកធ្លាយហើយត្រូវគេបង្ហោះក្នុងហ្វេសប៊ុកនោះ គឺបានបង្ហាញឲ្យឃើញពីសកម្មភាព នៃការប្រើអំពើហិង្សាដ៏ឃោរឃៅព្រៃផ្សៃមួយ ដែលបង្កឡើងពីសំណាក់បុរសម្នាក់ ដោយចាប់បោចទាញសក់ កញ្ញាសាសា អូសចេញពីលើសាឡុង និងបានប្រើហិង្សាវាយតប់ទាត់ធាក់យ៉ាងកម្រោលលើរូបនាងដែលជា ស្ត្រីភេទទន់ខ្សោយ ដោយគ្មានតបតវិញសោះឡើយ។ ក្នុងរូបភាពនោះ ក៏ឃើញមានបុរសម្នាក់ទៀតដែលគេដឹងថាជាអង្គរក្សផ្ទាល់ខ្លួន(លោកសុខ ប៊ុន)បានកាន់កាំភ្លើងជាប់នឹងដៃ ដើម្បីគំរាមក្នុងហេតុការណ៍នោះទៀតផង។ ប៉ុន្តែសំណាងល្អដែលមិនបានផ្ទុះអាវុធបង្កគ្រោះថ្នាក់ធំដុំដល់ កញ្ញាសាសា ដែលជាជនរងគ្រោះ។
កញ្ញាសាសា បានប្រាប់បណ្តាញព័ត៌មានថា នាងមិនស្គាល់បុរសដែលបានប្រើអំពើហិង្សាមកលើខ្លួននោះទេ ហើយនៅមុនពេលកើតហេតុនាងបានអង្គុយលេងធម្មតា ហើយមិត្តភ័ក្តិរបស់នាងស្រវឹង (ថៅកែហាង ដែលជាជនជាតិជប៉ុន) បានអង្វរឲ្យនាងនៅអង្គុយកំដរ។ នាងបន្តថា ពេលនោះ ភ្ញៀវក៏បានចេញពីក្នុងហាងអស់ហើយ ប៉ុន្តែស្រាប់តែមានបុរសពីរនាក់ ដែលជាភ្ញៀវដែរបានត្រឡប់មកក្នុងហាងវិញ ដោយបានចាប់អូសមិត្តភ័ក្តិរបស់នាងម្នាក់ទាំងបង្ខំដើម្បីយកចេញទៅក្រៅ រហូតមិត្តភ័ក្តិនាងស្រែកយំ និងបានស្រែកឲ្យនសងជួយ ។នាងបន្តថា នាងក៏បានប្រាប់ទៅបុរសនោះ កុំឲ្យចាប់បង្ខំមិត្តភ័ក្តិនាង តែត្រូវអង្គរក្សរបស់បុរសម្នាក់នោះ បានស្រែកជេរម្រាយនាង កុំឲ្យចេះដឹង (កុំចេះ ចង់ងាប់ហេះ) ដោយមានកាំភ្លើងកាន់នៅដៃផង។ បន្ទាប់មក នាងបានប្រាប់បុរសនោះកុំឲ្យជេរម្តាយរបស់នាងទៀត ស្រាប់តែបុរសរូបនោះ (ឧកញ៉ា សុខ ប៊ុន) ស្ទុះមកវ៉ៃនាងតែម្តង។
កញ្ញាសាសា បានបញ្ជាក់ថា ការប្រើអំពើហិង្សាមកលើកញ្ញា គឺដូចជានៅក្នុងវីដេអូឃ្លីប អីចឹង បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីក្នុងដៃ ដោយភ្ជង់ក្បាល និងបានយកជើងជាន់ក្បាលខ្ទប់នៅនឹងឥដ្ឋ និងមានអាម៉េបាញ់ដែរ តែគ្រាប់ស្អុយ។
កញ្ញាសាសា បានគូសបញ្ជាក់ថា វ៉ៃខ្ញុំអូសរហូតដល់៥ ទៅ ៦ម៉ែត្រ។ វ៉ៃខ្ញុំមិនតិចជាង ៥នាទីទេ។ ទាត់ខ្ញុំដូចសត្វធាតុ។ នេះបើអត់មានអ្នករត់តុជួយ។ ខ្ញុំប្រហែលជាអាចស្លាប់បាត់ហើយ។អ្នករត់តុគាត់ជួយឃាត់។ខ្ញុំ បានដាក់ពាក្យបណ្តឹងអស់ហើយ។
លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីបានទទួលដីកាបញ្ជាឲ្យចូលខ្លួនពីអយ្យការអមសាលាដំបូង រាជធានីភ្នំពេញភ្លាម សមត្ថកិច្ចកំពុងតែធ្វើកិច្ចការងារនេះ យ៉ាងដុតដៃដុតជើង តាមរកចាប់ខ្លួនលោកឧកញ៉ា សុខ ប៊ុន ជាជនដៃដល់ ដែលជាប់ក្នុងបណ្តឹងប្រើអំពើហិង្សាវាយដំលើ និងគំរាមដោយអាវុធ៕ ដោយ៖រដ្ឋា