និស្សិតឥណ្ឌូណេស៊ី៨នាក់ចូលលេងក្នុងរូងភ្នំ និងត្រូវទឹកជន់លិចបណ្តាលឲ្យស្លាប់៣នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2019 ក+ ក-

ឥណ្ឌូណេស៊ី ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃច័ន្ទ (ថ្ងៃទី ២៣ ធ្នូ) ថា និស្សិតសាកលវិទ្យាល័យ៣ នាក់ត្រូវបានគេរកឃើញស្លាប់នៅក្នុងរូងភ្នំមួយក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីពួកគេបានជាប់នៅក្នុងទឹកជំនន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA។

ក្រុមអាជ្ញាធរបាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យបានរកឃើញមនុស្ស៥នាក់ដែលនៅរស់ពីរូងភ្នំលីឡេនៅកោះជ្វាខាងលិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់នោះ និងបណ្តាលឲ្យជន់លិចរូងភ្នំតែម្តង។ ប៉ុន្តែនិស្សិត០៣នាក់ផ្សេងទៀតដែលជាប់ក្នុងរូងភ្នំលិចទឹកយូរពេក ព្រោះក្រុមជួយសង្រ្គោះ ពុំអាចជម្លៀសខ្លួនពួកគេបានទាន់ពេលវេលា ហើយក៏បានបាត់បង់ជីវិតទៅយ៉ាងគួរឲ្យសោកស្តាយ។

អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ដោយសាររូងភ្នំមានជម្រៅប្រមាណ ៣០ម៉ែត្រ ក្រុមភ្នាក់ងារជួយសង្រ្គោះត្រូវចំណាយពេលខ្ទង់ ០១ម៉ោងដើម្បីចុះទៅដល់រូងភ្នំ។ រីឯមូលហេតុដែលនិស្សិតទាំងនោះ ស្ថិតនៅក្នុងរូងភ្នំខាងលើ គឺពួកគេចុះទៅក្រោមគោលដៅសិក្សាស្រាវជ្រាវ ហើយពេលដំបូងឡើយគឺអាកាសធាតុល្អជាធម្មតាទេ តែក្រោយមកក៏មានការធ្លាក់ភ្លៀង យ៉ាងគំហុកតែម្តងដោយនឹកស្មានមិនដល់៕