រតនគិរី៖បណ្តឹងពីបទចាប់រំលោភសេព សន្ថវៈលើស្ត្រីវ័យក្មេងជនជាតិចារាយម្នាក់ដែលបង្កឡើងដោយឈ្មួញឈើ មិនត្រូវបានគេយកចិត្តទុកដាក់ចាត់ការឲ្យឡើយ ហើយដោយសារតែករណីនេះ ប្តីរបស់នាងបានលែងលះនាងថែមទៀត។
នៅចំពោះមុខក្រុមអ្នកយកព័ត៌មាន នាង សល់ លី អាយុ១៧ឆ្នាំ ជនជាតិចារាយរស់នៅភូមិលែង ឃុំសំលីត ស្រុកអណ្តូងមាស ខេត្តរតនគិរី បានរៀបរាប់ឲ្យដឹងថា កាលពីចុងខែឧសភា ឆ្នាំ២០១៥ នាងត្រូវបុរសម្នាក់ឈ្មោះ សារឿន ល្បួងនាងឲ្យចូលព្រៃរួចប្រើហិង្សាចាប់រំលោភនាងរហូតបានសម្រេច នៅចំណុចក្បែរក្លោងទ្វារតាវែង ស្ថិតក្នុងភូមិតាវែង ឃុំ-ស្រុកតាវែង ខេត្តរតនគិរី វេលាម៉ោងជាង៥ ព្រឹក។នាងបន្តថា សារឿន បានប្រើល្បិចទូរស័ព្ទប្រាប់នាងឲ្យឡើងទៅយកលុយ(នៅកន្លែងកើតហេតុ)ដែលប្តីរបស់សុំខ្ចី និងផ្ញើទុកឲ្យនាងចាយវាយ ព្រោះប្តីរបស់នាងជាប់រវល់កាប់ឈើក្នុងព្រៃមិនអាចចេញមកក្រៅបាន។
នាង សល់ លី បន្តថា ក្រោយពេលចាប់រំលោភរួច ឈ្មោះ សារឿន បានគំរាមសម្លាប់បើសិនជានាងហ៊ានយករឿងនេះទៅប្រាប់អ្នកដទៃ រាប់ទាំងប្តី បងប្អូនបង្កើតរបស់នាង ក៏ដូចជាអ្នកភូមិផងដែរ ។ក្រោយមកនាងចេះតែយំ ធ្វើឲ្យប្តីរបស់នាងមានការសង្ស័យក៏ជជីកសួរដេញដោល ទើបនាងសម្រេចចិត្តប្រាប់ការពិត បើទោះបីជាដឹងថាគេគំរាមសម្លាប់បែបណាក្តី។តែទីបំផុត ប្តីរបស់នាងបែរជាមានកំហឹងមិនអាណិតអាសូរ និងមិនបានចាត់ទុកនាងជាជនរងគ្រោះនោះទេ ហើយបានលែងលះនាងថែមទៀតផង។
មន្ត្រីអាជ្ញាធរមួយរូបសុំលាក់ឈ្មោះបានប្រាប់ឲ្យដឹងថា ឈ្មោះ សារឿន ជាឈ្មួញឈើខុសច្បាប់ដ៏សកម្មម្នាក់នៅក្នុងខេត្តរតនគិរី ចំណែកប្តីនាង សល់ លី ក៏ជាអ្នករកស៊ីឈើដែរ តែរកស៊ីតូចតាច និងស៊ីឈ្នួលចូលព្រៃកាប់លក់ឲ្យគេ ។ប្រភពបន្តថា អញ្ចឹងទេ តិចឬច្រើនពួកគេអាចស្គាល់គ្នាខ្លះពីមុនមក ទើបអាចឲ្យឈ្មោះ សារឿន អន្ទងឲ្យចូលព្រៃចាប់រំលោភសេពសន្ថវៈបានសម្រេចយ៉ាងងាយៗដូច្នេះ។
មន្ត្រីអាជ្ញាធរដដែលក៏បានអះអាងដូចនាង សល់ លី ដែរថា នាងគឺជាជនរងគ្រោះ ម្យ៉ាងរងគ្រោះដោយឈ្មួញឈើចាប់រំលោភ ម្យ៉ាងទៀតគឺការលែងលះប្តីប្រពន្ធ។ប៉ុន្តែ គួរឲ្យឈឺចាប់ណាស់ ពាក្យបណ្តឹងរបស់នាងមិនត្រូវបានគេយកចិត្តទុកដាក់ចាត់វិធានការរកយុត្តិធម៌នោះទេ ។កន្លងមកគេបានដឹងថា នាង សល់ លី បានដើរដាក់ពាក្យបណ្តឹងច្រើនកន្លែងដែរ តែស្ងាត់ឲ្យឈឹង។ប្រភពបន្តថា កន្លែងទទួលពាក្យបណ្តឹងខ្លះ បានគាបនាងមិនឲ្យប្តឹងផ្តល់ថែមទៀតផង ចំណែកតុលាការខេត្តក៏មិនបានចាត់វិធានការលើជនសង្ស័យតាមនីតិវិធីនោះដែរ គឺបានត្រឹមសម្របសម្រួលប៉ុណ្ណោះ។
នាង សល់ លី បានរៀបរាប់ថា នាងជាជនជាតិភាគតិចចារាយ មានជីវភាពក្រីក្រ ហើយត្រូវគេរំលោភបំពាន ដូច្នេះនាងសូមអំពាវនាវដល់លោកអភិបាលខេត្ត និងស្ថាប័នរដ្ឋដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងសំណុំរឿងដូចការលើកឡើងខាងលើនេះ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់រូបនាងដោយអនុគ្រោះផង៕ ដោយ៖ឡុង សារ៉េត