​លោក ពូទីន អរគុណ​លោក ត្រាំ ដែល​​ចែករំលែក​ព័ត៌មាន​សម្ងាត់​ទាន់ពេលវេលា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2019 ក+ ក-

រុស្ស៊ី ៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​អរគុណ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ដែល​បាន​ចែករំលែក​ព័ត៌មាន​សម្ងាត់​ទាន់ពេលវេលា​ក្នុងការទប់ស្កាត់​មិន​ឱ្យក្រុម​ភេរវក វាយប្រហារ​រុស្ស៊ី បាន​ឡើយ។ នេះ​បើតាមការ​ប្រកាស​របស់​វិមាន​គ្រឹមឡាំង ក្រោយ​កិច្ច​សន្ទនា​រវាង​ប្រធានាធិបតីទាំង​ពីរតាមទូរសព្ទ កាលពី​ចុងសប្តាហ៍​កន្លងទៅ។

ទោះជាយ៉ាងណា វិមានគ្រឹមឡាំង​មិនបាន​បញ្ជាក់​លម្អិតបន្ថែមជុំវិញកិច្ចពិភាក្សានេះឡើយ ដោយ​គ្រាន់តែ​លើកឡើង​ថា មេដឹកនាំ​ទាំងពីរ បាន​និយាយគ្នាអំពី​បញ្ហាផលប្រយោជន៍គ្នាទៅវិញទៅមក និង​ព្រមព្រៀងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងការប្រយុទ្ធប្រឆាំងនឹង​អំពើភេរវកម្ម។

បើតាម​សេវា​សន្តិសុខ​សហព័ន្ធ​នៃប្រទេសរុស្ស៊ី បាន​បញ្ជាក់​ឱ្យដឹងថា ព័ត៌មាន​ដែលផ្តល់​ឱ្យដោយ​​ភាគី​អាមេរិក បាន​នាំដល់​ការឃាត់ខ្លួន ពលរដ្ឋ​រុស្ស៊ី​២នាក់ ដែល​មាន​គម្រោង​វាយប្រហារ​ភេរវកម្ម​នៅ​ទី​កន្លែង​សាធារណៈ ក្នុងក្រុង St. Petersburg នាអំឡុងចូលឆ្នាំសកលខាងមុខ៕