កម្ពុជានាំចេញកសិផលជិត៧លាន តោនទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៩ 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2020 ក+ ក-

ភ្នំពេញ ៖ នៅឆ្នាំ២០១៩កន្លងទៅ ប្រទេសកម្ពុជាបាននាំចេញកសិផលទាំងផ្លូវការ និងមិនផ្លូវការសរុបចំនួនជិត៧លានតោនទៅទីផ្សារក្រៅប្រទេស ក្នុងនោះការនាំចេញផ្លូវការមានចំនួនជិត៥ លានតោន និងមិនផ្លូវការជាង២លានតោន។ នេះបើយោងតាមតួលេខផ្លូវការដែលបង្ហាញរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃដំបូងនៃឆ្នាំ២០២០នេះ។

របាយការណ៍របស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការនាំចេញផ្លូវការ ៖ នៅឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបាន៦២ម៉ឺនតោន, ចំណិតដំឡូងមីក្រៀម-ស្រស់ ជាង៣លានតោន, ម្សៅដំឡូងមីជាង៥ម៉ឺន តោន, គ្រាប់ស្វាយចន្ទី ជាង២០ម៉ឺនតោន, គ្រាប់ពោតជិត១២ម៉ឺនតោន, សណ្តែកសៀង ជិត៦ម៉ឺន តោន, ចេកជិត១៦ម៉ឺនតោន, ផ្លែស្វាយជិត៦ម៉ឺនតោន, ម្រេចជាង៣ពាន់តោន និងផលដំណាំផ្សេងៗទៀត ជិត៣០ម៉ឺនតោន។

ការនាំចេញស្រូវក្រៅផ្លូវការ ៖ នៅឆ្នាំ២០១៩ កម្ពុជានាំចេញស្រូវក្រៅផ្លូវការ ទៅកាន់ប្រទេស វៀតណាម ចំនួនជាង២លានតោន តាមខេត្តជាប់ព្រំដែនដូចជា តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងកំពត។ទីផ្សារសំខាន់ៗសម្រាប់កសិផលរបស់កម្ពុជារួមមាន ៖ ប្រទេសចិន អឺរ៉ុប អាស៊ាន ជប៉ុន អាមេរិក កូរ៉េ ឥណ្ឌា រុស្ស៊ី អារ៉ាប៊ីសាអូឌីត អូស្ត្រាលីជាដើម៕