ទឹក​ជំនន់​​នៅរដ្ឋធានី​ហ្សាការតា វាយប្រហារ​ដល់​ក្នុង​ស្ថានទូត​ខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2020 ក+ ក-

​ឥណ្ឌូណេស៊ី ៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី BNPB បានបញ្ជាក់ថា ទឹកជំនន់​បាន​វាយ​ប្រហាររដ្ឋធានី​ហ្សាការតាបានបណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់១៦នាក់​បាន​ស្លាប់ ដោយក្នុងនោះ៨នាក់នៅរដ្ឋធានីហ្សាការតា និង៣នាក់នៅកូកូតឌុក គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ នេះ។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Aljazeera។

អាជ្ញាធរ​បានបញ្ជាក់ទៀតថា ពលរដ្ឋប្រមាណ៣០លាន​គ្រួសារ គ្មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់ ចំណែក​ស្ថានីយរថភ្លើងមួយចំនួន រួមទាំង​ព្រលានយន្តហោះផងនោះ ក៏ត្រូវ​បាន​បិទ​ផងដែរ។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិលោក Agus Wibowo បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងមូសុង និងទឹកទន្លេកំពុងជន់លិចសង្កាត់យ៉ាងតិច៩០ និងបង្កជាការបាក់ដីនៅក្នុងទីក្រុងកូកូតឌុកដែលស្ថិតនៅជាយក្រុងហ្សាការតា។

លោក Wibowo បាននិយាយថា អ្នកស្លាប់រួមមានសិស្សវិទ្យាល័យអាយុ១៦ឆ្នាំម្នាក់ដែលត្រូវចរន្តអគ្គិសនីឆក់ ខណៈដែលមនុស្សជាង១៩.០០០ នាក់កំពុងស្ថិតនៅក្នុងជម្រកបណ្តោះអាសន្នបន្ទាប់ពីទឹកជំនន់បានឡើងដល់៣ម៉ែត្រនៅកន្លែងជាច្រើន។

ដោយឡែកបើតាម លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ឥណ្ឌូណេស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុកថា ​និវេសនដ្ឋានរបស់​ស្ថានទូត​កម្ពុជា ប្រចាំទីក្រុង​ហ្សាការតា ក៏ទទួល​រង​ផល​ប៉ះពាល់ ដោយ សារ​គ្រោះទឹកជំនន់នេះផងដែរ៕